(កំពង់ធំ)៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋរស់នៅបានសុខសាន្តមានឱកាសធ្វើបុណ្យទានជួបជុំគ្រួសារ។ យ៉ាងណាមិញ រដ្ឋបាលស្រុកបារាយណ៍បានរៀបចំការប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងឲ្យប្រជាពលរដ្ឋទស្សនាកម្សាន្តសប្បាយ។

ថ្លែងក្នុងពិធីប្រណាំងទូកផ្កានោះ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ហើយការប្រណាំងទូកផ្កាចារនេះផ្ដើមចេញពីសុខសន្តិភាព ការអភិវឌ្ឍ ជាពិសេសនៅទីរួមស្រុកបារាយណ៍ទទួលបានប្រឡាយទឹកដ៏ធំមួយរបស់រាជរដ្ឋាភិបាលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍។

លោកអភិបាលស្រុកបន្តថា ការប្រណាំងទូកនេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៤ ដោយមានការផ្ដួចផ្ដើមពីប្រជាពលរដ្ឋ យុវជនក្នុងឃុំ មេភូមិ មេឃុំ និងកងកម្លាំងគណៈបញ្ជាការស្រុកបារាយណ៍ទាំងមូល ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងពង្រឹងការសាមគ្គីភាព។ ការលេងកីឡាដែលអាចទទួលបាននូវសុខភាពល្អមានទំនាក់ទំនងមានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីចៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព កើតមានអំពើហិង្សា លួចឆក់ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។

លោកបានបន្តថា ការប្រកួតជាមួយគ្នាមិនមែនចាំតែមាឌធំនោះទេ កីឡាត្រូវលេងទៅតាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមុតមាំ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតត្រូវ គោរពតាមបទបញ្ជាផ្ទៃក្នុង ធ្វើការួបរួមគ្នាសាមគ្គីគ្នាឈ្នះដោយកិត្តិយស ចាញ់ដោយកិត្តិយស ។

លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងសប្បុរសជន ដែលបានជួយគាំទ្រសម្រាប់ការប្រកួតអុំទូកផ្កាចារពេលនេះ គឺជាការចូលរួមរបស់សប្បុរសជនសុទ្ធសាធ ដែលក្រុមការសម្របសម្រួលរបស់ឃុំ និងកងកម្លាំង ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ។

សូមបញ្ជាក់ថា ពិធីនេះរៀបចំនៅតាមបណ្ដោយប្រឡាយឈូកខ្សាច់ ត្រង់តំបន់អូរកាច់ ដែលមានទូកផ្កាចារចូលរួមចំនួន១៣ទូក កីឡាករចំនួន២១២នាក់៕