(មណ្ឌលគិរី)៖ មន្រ្តីនគរបាលម្នាក់ ជាមេប៉ុស្តិ៍នគរបាលឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ទាំងយប់បន្ទាប់ពីបាន ផឹកស្រាស្រវឹងជោកជាំ ហើយបានយកកាំភ្លើង AK ដេញបាញ់ប្រពន្ធខ្លួនឯងចំនួន៣គ្រាប់ តែមិនបណ្ដាលមានអ្នករងគ្រោះថ្នាក់នោះទេ។
លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងកម្លាំងសមត្ថកិច្ច នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា។
ក្រោយពីមានហេតុការណ៍នេះ លោកបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនលោកមេប៉ុស្ដិ៍ម្នាក់នេះ ទៅស្នងការនគរបាលខេត្ត ទាំងយប់ផងដែរ។
អ្នករស់នៅជិតខាងបានឲ្យដឹងថា មេប៉ុស្តិ៍ដែលប្រើអំពើហិង្សាទៅលើប្រពន្ធនេះ មានឈ្មោះ រ៉ា បូរិទ្ធ (ហៅដុល) អាយុ៤៤ឆ្នាំ ឯប្រពន្ធឈ្មោះ សំអឿន ថាវីផ្ល អាយុ២៣ឆ្នាំ ជនជាតិភាគតិចព្នង មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
ប្រជាពលរដ្ឋក៏បាននិយាយរិះគន់ លោកមេប៉ុស្តិ៍ម្នាក់នេះថា ក្នុងនាមខ្លួនជាមេប៉ុស្តិ៍នគរបាល ជាអ្នកអនុវត្តច្បាប់ នៅពេលស្រវឹងស្រាម្ដងៗ បែរជាប្រើអំពើហិង្សាទៅលើប្រពន្ធ ដោយយកអាវុធមកគម្រាមកំហែង ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ជារឿយៗ។
ប្រជាពលរដ្ឋក៏លើកនូវការសំណូមពរ និងស្នើដល់ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន មានចំណាត់ការ ទៅលើមន្រ្តីនគរបាលរូបនេះ កុំឲ្យយកកាំភ្លើងមកបាញ់បោះ ដែលជាហេតុបង្កឲ្យមានការភ័យខ្លាចតទៅទៀតឱ្យសោះ៕