(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ឪពុក ម្តាយ អាណាព្យាបាល ព្រមទាំងអាជ្ញាធរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់កូន ចៅរបស់ខ្លួន នៅរដូវទឹកជំនន់ ខណៈរយៈពេល៣ថ្ងៃនេះ មានមនុស្ស៧នាក់ បានស្លាប់ដោយសារលង់ទឹក។

ការចេញមកអំពាវនាវបែបនេះរបស់លោកអភិបាលខេត្តកណ្តាល បានធ្វើឡើងបន្ទាប់ពីមានកុមាតូចៗបានលង់ទឹកស្លាប់ចំនួន៧នាក់ ក្នុងរយៈពេល៣ថ្ងៃមកនេះ។

ចំពោះករណីលង់ទឹកស្លាប់នៅរដូវទឹកឡើងនេះ, ត្រូវបានលោកអភិបាលខេត្តកណ្តាល បញ្ជាក់ថា មានករណីខ្លះ បណ្តាលមកពីការធ្វើដំណើរ ហើយរអិលធ្លាក់ចូលក្នុងទឹកព្រែក ប្រឡាយ ដែលមានទឹកហូរខ្លាំង។ ផ្អែកលើស្ថានភាពនេះ គឺជាគ្រោះថ្នាក់ដែលបានឆក់យកអាយុជីវិត របស់ប្រជាពលរដ្ឋរងគ្រោះភ្លាមៗ។

ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដោយសារលង់ទឹក, លោក គួច ចំរើន បានស្នើសុំឱ្យឪពុក ម្តាយ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំយកចិត្តទុកដាក់ អប់រំ ណែនាំ ដាស់តឿនដល់កូន ចៅ ព្រមទាំងបង្កើនការមើលថែកូន ចៅតូចៗ នៅក្នុងរដូវទឹកជំនន់។

លោកអភិបាលខេត្តបានក្រើនរំលឹកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់មានទឹក ឬរស់នៅលើផ្ទៃទឹក នៅរដូវទឹកជំនន់នេះសូមមេត្តា បន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដើម្បីបញ្ចៀសឱ្យផុតពីគ្រោះថ្នាក់នានាជាដើម៕