(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា រួមទាំងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤ នៅវត្តសែនសិរី ហៅវត្តក្តីសែន ស្ថិតនៅភូមិពោធិសែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកស្រីរួមទាំងក្រុមគ្រួសារបានបូជានូវទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់ និងបានរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីវេរប្រគេនឆ្លងកម្មវិធីបុណ្យ ហើយប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទានដូចសព្វថ្ងៃនេះដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកស្រីបានបន្តថា ការប្រារព្ធពិធីបុណ្យនេះគឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរយិយមធ្វើតៗគ្នា តាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នា ថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ឱ្យបានស្ថិតស្ថេរគង់វង្សតាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឱ្យចេះទៅធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិនេះកុំឱ្យបាត់បង់។

លោកស្រីបានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មិនត្រូវមានការធ្វេស ប្រហែសឡើយ និងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅ វិញទៅមកក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។

គួសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ នៅគ្រប់វត្តអារាម៕