(កណ្ដាល)៖ លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល បានថ្លែងថា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ បានរៀបចំខ្លួនរួចរាល់ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកម្សាន្ត។

ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្ត លោកប្រធានមន្ទីរអះអាងថា ទីតាំងនេះដ្បិតរាងតូចបន្តិចមែន ប៉ុន្តែបានរៀបចំបានល្អស្អាត និងបានណែនាំដល់ដល់គ្រប់អាជីវករទាំងអស់ ហាមលក់ដូរឡើងថ្លៃ ត្រូវមានអនាម័យ និងម្ហូបអាហារស្រស់ រសជាតិឆ្ងាញ់ ដើម្បីការពារមុខមាត់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ គោលដៅទាក់ទាញភ្ញៀវមកលេងកម្សាន្តឲ្យតែច្រើនឡើងៗ។

លោកប្រធានមន្ទីរអំពាវនាវអ្នកមកលេងកម្សាន្តទាំងអស់ មេត្តារួមគ្នាថែរក្សាបរិស្ថានជាមួយនឹងការទុកដាក់សម្រាមឲ្យបានល្អ ខណៈដែលអាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានដាក់ធុងសម្រាមគ្រប់ទីតាំង និងការនាំចេញនូវសម្រាមជាប្រចាំដើម្បីបរិស្ថានល្អស្អាត។

លោកថា រដូវបុណ្យភ្ជុំបិណ្ឌនេះ គេឃើញពលរដ្ឋមកលេងម្សាន្តច្រើនណាស់ មកធ្វើបុណ្យផងដែរតាំងពីផ្ដើមបិណ្ឌថ្ងៃទី១មកម្លេះ ពោលគឺពលរដ្ឋមកលេងកម្សាន្តបានច្រើន ហើយពិសេសគឺ៣ថ្ងៃនៃពិធីបុណ្យភ្ជុំធំនេះ ពលរដ្ឋកានយតែសម្រុកមកលេងច្រើនទៀតជារៀងរាល់ឆ្នាំ ,ដូច្នេះក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច រក្សាឲ្យបានល្អនូវសន្តិសុខដល់ពលរដ្ឋឲ្យបានល្អបំផុត៕