(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ ឆៃ នារី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព របស់ ឯកឧត្តម ប៉ាល់ សំអឿន ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា នីតិកាលទី៧ ដែលត្រូវជាឪពុកបង្កើតរបស់ លោកជំទាវ។

តាមរយៈសារលិខិតសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីក្រៀមក្រំក្នុងចិត្តយ៉ាងក្រៃលែងនិងសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងមរណភាព របស់ ឯកឧត្តម ប៉ាល់ សំអឿន ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០២:១០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ»

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្ដថា មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា និងជាជីតាទួត ជាទីគោរព ស្រលាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗ ដល់កូនចៅសាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ ឱ្យក្លាយជាធនធានដ៏មានតម្លៃ ក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវធនធានដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យ មនុស្សធម៌ និងសុខដុមរមនាសង្គម ឱ្យបានរីកចម្រើនជារៀងរហូតមក។

ជាថ្មីម្ដងទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា ក្នុងវេលាប្រកបដោយក្ដីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែកនូវ មរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្ត ជិតឆ្ងាយទាំងអស់នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ប៉ាល់ សំអឿន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕