(ត្បូងឃ្មុំ)៖ គ្រប់ទីកន្លែងដែលមានការលំបាក ទោះក្នុងកាលៈទេសៈ ឬឱកាសណាក៏ដោយ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺមិនដែលបង្អង់យូរឡើយ តែងតែឆ្លើយតបដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះភ្លាមៗទាន់ពេលវេលា។

ជាក់ស្ដែងក្នុងឱកាសកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ត្បិតណាស់ថាប្រជាពលរដ្ឋយើង កំពុងតែរីករាយសប្បាយក្នុងការជួបជុំឪពុកម្ដាយ បងប្អូន និងរៀបចំធ្វើចង្ហាន់ ដើម្បីវេរប្រគេនដល់ព្រះសង្ឃ តាមទីវត្ដអារាមនានា ប៉ុន្ដែដោយសារគ្រោះមហន្ដរាយធម្មជាតិ ដែលបណ្ដាប្រទេសលើសកលលោក រួមទាំងកម្ពុជា​ ក៏បានរងគ្រោះនូវគ្រោះទឹកជំនន់នៅតំបន់មួយចំនួនផងដែរ។

ដូច្នេះបានជាអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ឆ្លើយតបឲ្យទាន់ពេលវេលា ។ហើយតាមរយៈលឺដំណឹងថា មានគ្រោះមហន្ដរាយធម្មជាតិដោយទឹកជំនន់នេះ បានជន់លិចដល់គេហដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ១,១៨១គ្រួសារ នៅក្នុងស្រុកមួយនៃខេត្ដត្បូងឃ្មុំ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានចាត់តំណាង លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងក្រុមការងារ នាំយកអំណោយមនុស្សធម៌ភ្លាមៗ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គជាច្រើនគ្រួសារពាន់គ្រួសារ និងបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាព នៅក្នុងស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានចុះមកសួរសុខទុក្ខ និងណែនាំពីការថែរក្សាសុខភាព ក្នុងអំឡុងប្រជាពលរដ្ឋបានជម្លៀសមកពីកាន់ទីទួលមានសុវត្ថិភាព។ ពិសេសបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹក ជាពន់ពេកដល់បងប្អូនកូនចៅទាំងអស់ ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងពីទីទួលមានសុវត្តិភាព ដែលប្រជាជនបានជម្លៀសពីការជនលិចដោយទឹកជំនន់នៅក្នុងឃុំជីរោទ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំថា ទីតាំងមានទីទួលសុវត្ថិភាព មានចំនួន ២ទីតាំងធំៗ គឺនៅទីតាំង ឧកញ៉ា វ័ន ប៊ុនថៃ មានប្រជាពលរដ្ឋរងគ្រោះចំនួន ១,១៤៧គ្រួសារ មកពីភូមិចំនួន១៨ នៃឃុំជីរោទិ៍ និងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ និងទីតាំងទី២ នៅទួលអង្គ្រង ដែលលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាយើងបានចុះទៅផ្ទាល់ដែរ ដែលមានប្រជាពលរដ្ឋរងគ្រោះ ៣៤គ្រួសារ មកពីភូមិទួលកែវ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ។

លោកស្រីបានគូសបញ្ជាក់ថា «ការចុះជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋយើងនៅពេលនេះ គឺដើម្បីឆ្លើយតបភ្លាមៗដល់ប្រជាពលរដ្ឋយើង ដែលរងគ្រោះមហន្ដរាយធម្មជាតិទឹកជំនន់ ទោះពេលនេះ ស្ថិតក្នុងឱកាសភ្ជុំបិណ្ឌក៏ដោយ»

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺរាល់កិច្ចការងារជួយសង្គ្រោះប្រជាពលរដ្ឋ គឺមិនដែលរង់ពេលវេលានោះឡើយ គ្រាន់តែដឹងថាពលរដ្ឋយើងរងគ្រោះនៅទីនោះ កាកបាទក្រហមកម្ពុជា គឺចុះជួយភ្លាម ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕