(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសបដិសេធទាំងស្រុង ជុំវិញការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរីជាភាសាអង់គ្លេស ដែលបានចុះផ្សាយព័ត៌មានលើគេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ តម្រូវឱ្យជម្លៀសប្រជាជនចេញពីលំនៅឋានចំនួនប្រមាណ ១ម៉ឺនគ្រួសារ និងលេបយកដីស្រែចំការនៅតាមបណ្តោយ ព្រែកជីក ព្រមទាំងមិនទាន់បានសងសំណងច្បាស់លាស់ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅឡើយ។
ជុំវិញករណីខាងលើនេះ ក្រសួងសាធារណការ បានប្រកាសបដិសេធព័ត៌មានខាងលើទាំងស្រុង និងពិនិត្យឃើញថា វិទ្យុអាស៊ីសេរី កំពុងប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានមិនពិតនិងគ្មាន មូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលមានខ្លឹមសារផ្ទុយពីការពិតទាំងស្រុង ហើយបាននិងកំពុង បន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។
ក្រសួងសាធារណការ សូមធ្វើការបំភ្លឺជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ការសិក្សាលម្អិត និងបានចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោងលើបងប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយលទ្ធផលនៃការសិក្សាតាមបែបវិទ្យាសាស្ត្របានបង្ហាញថា ផលប៉ះពាល់លើលំនៅឋានរបស់ពលរដ្ឋសរុប មានចំនួន ២.៣០៥ខ្នងផ្ទះ/គ្រួសារ គិតជាផ្ទៃដីលំនៅឋានមានចំនួន ១៨០ហិកតា ហើយមានពលរដ្ឋដែលនឹង រងផលប៉ះពាល់សរុបចំនួន ១១.៥២៥នាក់។
ក្នុងចំណោមលំនៅឋានសរុប ២.៣០៥ខ្នងផ្ទះ គ្រួសារនេះ មានតែចំនួន ៤០០ខ្នងផ្ទះ គ្រួសារ ដែលនឹងរងផលប៉ះពាល់ទាំងស្រុង រីឯចំនួន ១.៩០៥ខ្នងផ្ទះ/គ្រួសារដទៃទៀតនឹង រងផលប៉ះពាល់តែលើផ្នែកមួយចំនួននៃលំនៅឋាន ដូចជា របង ដំបូល ជញ្ជាំង អណ្តូងទឹក ឬជំរកសត្វចិញ្ចឹមជាដើម។
ក្រៅពីនេះផលប៉ះពាល់អាចមានលើដីកសិកម្មសរុប ៣.៤៦៩ហិកតា ដែលក្នុងនោះដីស្រែចំនួន ២.៧៧៥ហិកតា និងដីដំណាំចំនួន ៥៥៥ហិកតា និងទ្រព្យសម្បត្តិសាធារណៈចំនួន ៤៣កន្លែង រួមមាន អង់តែន កំណាត់ផ្លូវ បង្គោលភ្លើង និងដើមឈើចំនួន ១៤៩.១៦៣ដើម។
ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសក៏បាន ធ្វើការសិក្សាលម្អិត និងវាយតម្លៃស៊ីជម្រៅបែបវិទ្យាសាស្ត្រលើផលប៉ះពាល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយលទ្ធផលបានបង្ហាញថា ពុំបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រជាពលរដ្ឋដូចការ លើកឡើងមិនពិតម្តងហើយម្តងទៀតរបស់វិទ្យុអាស៊ីសេរីនោះឡើយ៕
ខាងក្រោមនេះជាសេចក្តីបំភ្លឺទាំងស្រុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖