(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីជំនាញ និងមន្រ្តីសាលារាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរបស់ជប៉ុន Arakawa លើគម្រោងអភិវឌ្ឍន៍អាគារប៊ូឌីញ «ស»។ លោក ជា សុផារ៉ា បានបញ្ជាក់នៅលើ Facebook Pageរបស់លោកថា «ថ្ងៃនេះ ខ្ញុំ និងសហការីរួមទាំងតំណាងសាលារាជធានីភ្នំពេញ បានជួបជាមួយក្រុមហ៊ុន Arakawa របស់ជប៉ុនពិភាក្សាគម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ«ស» ដើម្បីស្នើសុំគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា»។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦កន្លងទៅ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាឲ្យក្រុមមន្រ្តីជំនាញរបស់ខ្លួនសហការ ជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលស្ថានភាពអាគារប៊ូឌីញ ដែលមានអាយុកាលរាប់ឆ្នាំ ដើម្បីធ្វើការសិក្សារកលទ្ធភាពគោលបំណងធ្វើការអភិវឌ្ឍន៍ឡើងវិញ។ នៅពេលនោះ គណៈប្រតិភូប្រទេសជប៉ុន និងមន្រ្តីសាលារាជធានីភ្នំពេញ ដឹកនាំដោយ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយតំណាងក្រសួងដែនដី គមនាគមន៍ និងមានការចូលរួមពីលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានចុះពិនិត្យស្ថានភាពសំណង់ និងការស្នាក់នៅរបស់ប្រជាពលរដ្ឋតាមបន្ទប់នៃអាគារ បូឌីញ «ស» និងស្ថិតនៅភូមិ១និង ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថា ការចុះពិនិត្យនេះដើម្បីឲ្យដឹងច្បាស់ថា តើអគារចាស់នេះ អាចបន្តអាយុកាលដល់ពេលណា ជៀងវាងការប៉ះពាល់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ ហើយពិនិត្យមើលលទ្ធភាពបានកម្រិតណា លើការអភិវឌ្ឍន៍ឡើងវិញ៕