(កណ្ដាល)៖ លោក គួច ចំរើន ត្រូវបានអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បោះឆ្នោតធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អាណត្តិទី៦។
ការបោះឆ្នោតនេះធ្វើឡើងនៅក្នុងសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អាណត្តិទី៦ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ក្នុងនោះក៏មានការចូលរួមពីលោកបណ្ឌិត ម៉ៅ ភិរុណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល, លោក គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។
បន្ទាប់ពីអង្គសន្និបាតបោះឆ្នោតរួចមក លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អាណត្តិទី៦ ដែលទើបជាប់ឆ្នោត បានប្ដេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧ប្រការ នៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្ម ស្ម័គ្រចិត្ត ឯកភាព និងសកលភាព។ យកចិត្តទុកដាក់បំពេញបេសកកម្មមនុស្សធម៌ ឲ្យស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា «២០២១-២០៣០» ពិសេសយកចិត្តទុកដាក់ខ្ពស់អនុវត្តទិសដៅផែនការសម្រាប់ឆ្នាំខាងមុខដែល អង្គសន្និបាតសាខាថ្ងៃនេះបានអនុម័ត។
លើសពីនេះ បន្ដខិតខំយកចិត្តទុកដាក់អនុវត្តការងារវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ឲ្យមានការរីកចម្រើនសម្រេចតាមទិសដៅផែនការ ដើម្បីធានាឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្លាយជាសាខាដែលមានដំណើរការល្អ ពិសេសមានសមត្ថភាព និងលទ្ធភាពក្នុងការធ្វើសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់គ្រួសារងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង ពិសេសមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារគ្មានអាហារទទួលទានឡើយ។ ប្ដេជ្ញាប្រើប្រាស់ធនធានដែលបានពីកាចូលរួមរបស់សប្បុរសជន និងពីប្រភពចំណូលផ្សេងទៀត ឲ្យមានតម្លាភាព គណនេយ្យភាព ដើម្បីបង្កើនជំនឿទំនុកចិត្តពីប្រជាពលរដ្ឋនិងសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងសូមគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហម កម្ពុជានៅអាណត្តិក្រោយៗទៀត ដើម្បីបានដឹកនាំចលនាកាកបាទក្រហមនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ទៅអនាគត។
ថ្លែងក្នុងសន្និបាត លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានកោតសរសើរគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៥ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដ៏វិសេសវិសាលក្នុងឋានៈជា អ្នកស្ម័គ្រចិត្តសកម្ម ដឹកនាំ អភិបាល គ្រប់គ្រង សាខា-អនុសាខា មួយអាណត្តិកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធជាបន្តបន្ទាប់ ដូចមានជូនក្នុងរបាយការណ៍បូកសរុបបានលើកឡើង។
លោកស្រីបន្តថា ដើម្បីឆ្លើយតបឲ្យបានយ៉ាងសក្តិសមនឹងការជឿទុកចិត្តពីអង្គសន្និបាត គណៈកម្មាធិការ សាខាអាណត្តិទី៦ អនុវត្តនូវគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់បន្ត អភិបាលកិច្ច និងដឹកនាំ គ្រប់គ្រងសាខា អនុសាខា ដែលជាកម្លាំងជួរមុខនៅតាមមូលដ្ឋានក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅគ្រប់កាលៈទេសៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
ក្នុងនោះ លោកស្រីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអនុស្សាទាំងអស់ សូមពង្រឹងស្មារតីឯកភាព និងសុខដុមរមណីយកម្ម រវាងគណៈកិត្តិយសសាខា-អនុសាខា ជាមួយគណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ និងបន្តរក្សា ជំនឿទុកចិត្តទៅវិញទៅមក។ ពង្រឹងអភិបាលកិច្ចល្អ ដឹកនាំ និងគ្រប់គ្រងប្រកបដោយតម្លាភាព តាមកម្រងច្បាប់របស់ កាកបាទក្រហមកម្ពុជា ដែលមានលក្ខន្តិកៈ វិធាននៃនីតិក្រម ទម្រង់ការហិរញ្ញវត្ថុ និងផ្តល់ការតម្រង់ទិសជាយុទ្ធសាស្ត្រទាន់បច្ចុប្បន្នភាព នៃសភាពការណ៍ដល់សាខា-អនុសាខា នីមួយៗ។
លើសពីនេះ ត្រូវលើកកម្ពស់ការពង្រឹងតួនាទីស្នូលរបស់យុវជនកាកបាទក្រហមកម្ពុជា តាមរយៈយន្តការ ពង្រឹងក្លិបយុវជន ដឹកនាំធ្វើជាគំរូក្នុងសកម្មភាពមិត្ត-អប់រំ-មិត្ត, មិត្ត-ជួយ-មិត្ត លើកកម្ពស់បំណិនជីវិត ចរិយាធម៌ សីលធម៌សង្គម ឲ្យចាកឆ្ងាយពីគ្រឿងញៀន នាំគ្នាលើកកម្ពស់ សុខភាពសាធារណៈ និងជាពិសេសត្រូវជួយដល់យុវជនក្នុងគ្រឹះស្ថានសិក្សា ដែលមានជីវភាព ខ្វះខាត មិនឲ្យបោះបង់ការសិក្សា។ ពង្រីក និងពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត ធ្វើការបណ្តុះបណ្តាល បង្កើន សមត្ថភាពជំនាញ ដូចជាការបន្សំទៅនឹងការប្រែប្រួលអាកាសអាតុ ការអប់រំផ្សព្វផ្សាយលើក កម្ពស់យល់ដឹងពីគ្រោះថ្នាក់បង្កដោយយុទ្ធភ័ណ្ឌពុំទាន់ផ្ទះ ពីចំណាកស្រុកដោយសុវត្ថិភាព ពីសុខភាពសាធារណៈ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា ជំងឺមិនឆ្លងមួយចំនួន ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ៕