(ម៉ានីល)៖ អគ្គស្នងការប៉ូលីសហ្វីលីពីនលោក Ronald Dela Rosa ដែលមានរហ័សនាមថា «បុរសបេះដូងដែក» និងបានដើរតួនាទីជាអ្នកអនុវត្តន៍យ៉ាងតឹងរ៉ឹង នូវការបង្រ្កាបឧក្រិដ្ឋកម្ម គ្រឿងញៀន ដែលស្ថិតក្រោមការដឹកនាំរបស់ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា «ខ្ញុំចាំបាច់ត្រូវតែលើកទឹកចិត្ត មន្រ្តីប៉ូលីសគ្រប់ជាន់ថ្នាក់ ឲ្យខិតខំប្រឹងប្រែងបំពេញ តួនាទីរៀងៗខ្លួនដោយយកចិត្តទុកដាក់ ព្រោះថានៅពេលនេះ ពួកយើងកំពុងតែស្ថិតនៅក្នុង សមរភូមិ»។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក Dela Rosa ត្រូវបានធ្វើឡើងនៅក្នុងឱកាសដំណើរទស្សនកិច្ច របស់លោក ទៅកាន់កោះ Luzos ភាគខាងជើងនៃប្រទេសហ្វីលីពីន ក្នុងគោលបំណងជំរុញលើកទឹកចិត្ត ឲ្យមន្រ្តីប៉ូលីសទាំងអស់នៅទីនោះ ខិតខំបន្ថែមទៀតក្នុងការចូលរួមបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀន ដែលបានបណ្តាលឲ្យមនុស្សច្រើនជាង ៣,៤០០នាក់ ស្លាប់នៅទូទាំងប្រទេសហ្វីលីពីន ក្នុងរយៈពេលតែបីខែប៉ុណ្ណោះ។
ដោយឡែក នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះលោក Dela Rosa ត្រូវបានគេកត់សម្គាល់ឃើញថា តែងតែលើកយកការអំពាវរបស់លោក Duterte ដែលថា ឲ្យសម្លាប់ពួកជួញដូរគ្រឿងញៀន មកផ្សព្វផ្សាយបន្តបន្ថែមទៀត ដោយនៅក្នុងឱកាសថ្លែងសុន្ទរកថាមួយ កាលពីកញ្ញាកន្លងទៅនេះ លោក Ronald Dela Rosa បាន ជំរុញឲ្យអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ សម្លាប់មេក្លោង ជួញដូរគ្រឿងញៀន ដែលកាន់តែមានបានស្តុកស្តំឡើង ព្រោះតែការបឺតជញ្ជក់ឈាមពីជនក្រីក្រ។
អគ្គស្នងការប៉ូលីសហ្វីលីពីនរូបនេះ បានបញ្ជាក់ជាចុងក្រោយថា លោកមានការជឿជាក់លើ ការបាញ់សម្លាប់ជនឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងអំឡុងប្រតិបត្តិការបង្រ្កាបរបស់ប៉ូលីស ដោយថាវាជារឿងត្រឹមត្រូវ និងស្របច្បាប់ ដោយលោកគ្មានការសោកស្តាយអ្វីបន្តិចនោះឡើយ ចំណែកឯអ្នកដ៏ទៃផ្សេងទៀត ដែលត្រូវបានគេអះអាងថា បានស្លាប់នៅក្រោមការស៊ើបអង្កេត គឺភាគច្រើនដោយសារតែការបាញ់សម្លាប់គ្នាឯង របស់ពួកមេជួញដូរគ្រឿងញៀនតែប៉ុណ្ណោះឯង៕