(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះ បានបង្ហាញលេខទំនាក់ទំនងមន្ត្រីនៅតាមឃុំ-ស្រុក ដែលរង់ចាំសម្របសម្រួលជាមួយរោងម៉ាស៊ីន កិនស្រូវ ដើម្បីទិញស្រូវពីកសិករ ក្នុងករណីប្រមូលផល និងលក់នៅអំឡុងបុណ្យភ្ជុំបិណ្ឌ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សម្រាប់ប្រជាកសិករ ការប្រមូលផលក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ត្រូវធ្វើឡើងដោយថ្លឹងថ្លែង និងប្រុងប្រយ័ត្ន ដ្បិតអាចមានជនឆ្លៀតឱកាសកេងចំណេញពីបងប្អូនប្រជាកសិករ។
កញ្ញា បានឱ្យដឹងថា បើទោះបីជាក្រសួង បានសម្របសម្រួលជាមួយនឹងរោងម៉ាស៊ីនកិនស្រូវធំៗមួយចំនួន ឱ្យចាំទិញស្រូវពីប្រជាកសិករ ដែលច្រូតកាត់ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះក៏ដោយ ក៏ក្រសួងសូមបញ្ជាក់ជូនផងដែរថា សមត្ថភាពទិញរបស់រោងម៉ាស៊ីនកិនស្រូវនៅមានកម្រិត។
អ្នកនាំពាក្យក្រសួងកសិកម្ម បានបន្តថា មួយវិញទៀតរោងម៉ាស៊ីនកិនស្រូវភាគច្រើនគឺឈប់សម្រាកក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ អីចឹងការច្រូតកាត់របស់ប្រជាកសិករ ត្រូវធ្វើឡើងដោយថ្លឹងថ្លែង និងប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះថាប្រសិនជាការច្រូតកាត់ព្រមគ្នា ហើយលើសពីសមត្ថភាពទិញរបស់រោងម៉ាស៊ីនកិនស្រូវ វាអាចបង្កជាបញ្ហាមួយចំនួនដូចជា ការធ្លាក់ថ្លៃ ឬមួយក៏ឈ្មួញកណ្ដាលឆ្លៀតឱកាសដើម្បីយកផលចំណេញពីប្រជាកសិករ។
កញ្ញាបានគូសបញ្ជាក់ថា ប្រសិនជាអាចទៅរួចដូចប្រសាសន៍លោក ឃឹម ហ្វីណង់ ដែលបានបង្ហោះនៅលើហ្វេសប៊ុករួចរាល់ហើយថា បើសិនជាមិនបន្ទាន់ពេកទេ មិនទាន់ចាំបាច់ខ្លាំងទេ បងប្អូនប្រជាកសិករអាចអត់ធ្មត់រង់ចាំ២ ទៅ៣ថ្ងៃបន្ទាប់ពីភ្ជុំរួច សឹមពិនិត្យមើលលទ្ធភាពក្នុងការច្រូតកាត់ ជៀសវាងការខាតបង់ណាមួយ នៅក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ។
សូមជម្រាបថា ប្រសិនបងប្អូនប្រជាកសិករត្រូវការជំនួយបន្ថែម សូមទាក់ទងទៅមន្ត្រីកសិកម្មនៅឃុំ ឬស្រុករបស់បងប្អូន ដែលមានលេខទូរស័ព្ទនៅក្នុងបញ្ជីនេះ៖ https://shorturl.at/rERw9