(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក គិត ឆៃអុឹម អនុនាយកដ្ឋានអង្គរក្ស តំណាងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ លោក សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ តំណាង លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមពិធីរាប់បាត្រ បង្សុល ឧទ្ទិសកុសលជូនបុព្វការីជន នៅវត្តអារាមទាំង០៥ នៃមូលដ្ឋានខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ តាមប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ ទេយ្យទានដែលចូលរួមរាប់បាត្រ បង្សុល ឧទ្ទិសកុសលក្នុងមួយវត្តប្រគេនជូនរួមមាន៖ ចង្ហាន់ ១ស្រាក់ ស្លាដក់ ១ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស និងថវិកាចំនួន ៤០០,០០០រៀល។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យនេះគេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានបែកកាយរំលាយដ្ឋានទៅកាន់បរលោកខាងមុខឱ្យមកទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ៕