(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ដោយទទួលបានការប្រកាសពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយថានៅឆ្នាំនេះ នឹងរៀបចំបុណ្យអុំុំទូកដូចឆ្នាំមុនដែរ ប៉ុន្តែចំពោះចុងឆ្នាំ ស.ស.យ.ក នឹងរៀបចំកម្មវិធីមួយទៀត។ កម្មវិធីនេះនឹងរៀបចំឡើងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញនៅខាងមុខព្រះបរមរាជវាំងតែម្ដង។
ឆ្ពោះទៅកាន់កម្មវិធីនេះ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់យុវជន យុវនារីសាកល្បងបិទភ្នែកបន្តិចហើយសាកស្រមៃសួរខ្លួនឯងមួយសំណួរថា «ក្នុងនាមជាខ្មែរមួយរូប តើអ្វីដែលនាំមកនូវស្នាមញញឹម មោទនភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជាជាទីស្រឡាញ់របស់យើង? ហេីយក្នុងនាមយើងជាកូនខ្មែរ តើយើងអាចបង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជាដូចម្ដេចខ្លះ?»។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន បានអះអាងថា កម្ពុជាជាទីស្រលាញ់របស់យើង បានឆ្លងកាត់ច្រើនពេកហើយទម្រាំយើងបានសុខសន្តិភាពមកដល់ថ្ងៃនេះ ផ្តល់ឱកាសឲ្យយើងបានរៀបចំជាពិធីជួបជុំគ្នានេះ រំលឹកឡើងវិញពីប្រពៃណី ដែលក្នុងដំណាក់កាលមុនមិនសូវមានការរៀបចំផុសផុល ប៉ុន្តែក្នុងឱកាសដែលយើងមាននូវសុខសន្តិភាព និងស្ថេរភាព និងកី្តសង្ឃឹមចំពោះអនាគតរបស់កម្ពុជា៕