(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចាកចេញពីរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង នឹងអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២ របស់ (AIMF) ក្រោមមតិស្វាគមរបស់លោកស្រី Anne HIDALGO អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមAIMF។
នៅថ្ងៃទី៤ ខែតុលា លោកអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅទីក្រុង Villers Cotterets។
នាឱកាសនោះ ក៏មានសន្ទរកថាស្វាគមន៍ដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង, ប្រធានាធិបតីសាធារណៈរដ្ឋទុយនេស៊ី និងអគ្គលេខាធិការហ្វ្រង់កូហ្វូនី ផងដែរ។ នាឱកាសនោះ ក៏មានរៀបចំពិធីប្រគល់សិទ្ធជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ពីសាធារណៈរដ្ឋទុយនេស៊ី ទៅសាធារណៈរដ្ឋបារាំង។
កម្មវិធីបន្តគឺនិយាយពីបញ្ហាប្រឈម នៃប្រជាពលរដ្ឋហ្រ្វង់កូហ្វូនីទៅកាន់យុគ្គសម័យបច្ចេកវិទ្យា, ព័ត៌មានពិត, ព័ត៌មានមិនពិត, ការសម្របសម្រួល, ពហុភាសា និងបញ្ញាសិប្បនិមិ្មតផងដែរ៕