(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចបន្តប្រចាំការ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោកអភិបាលខេត្តបានចាត់បញ្ជាដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម និងបានផ្ដល់ថវិកាផងដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ។

លោកអភិបាលខេត្តបានបន្តថា នៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃខាងមុខនេះ សម្រាប់សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ ពិតជាមិនបានឈប់សម្រាកនោះទេ ផ្ទុយទៅវិញ សមត្ថកិច្ចកងកម្លាំងត្រូវមមាញឹកក្នុងការថែរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសសម្រួលចរាចរណ៍ជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរមកលេងស្រុកកំណើត ឬធ្វើដំណើរទៅកន្លែងកម្សាន្តនានា។

លោកអភិបាលខេត្តបានរំលឹកថា សមិទ្ធផលជាច្រើនដែលខេត្តសម្រេចបាននាឆ្នាំកន្លងទៅ ហើយត្រូវបានសាទរពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែយ៉ាងណាក៏ដោយសូមឲ្យមន្ត្រីបន្តអនុវត្តការងារបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។

ជាមួយគ្នានេះមន្ត្រីរបស់យើងត្រូវរក្សាឲ្យបាននូវស្ថេរភាពម៉ាក្រូ និងអតិបរមានៅក្នុងខេត្តកំពង់ចាមរបស់យើង កុំឱ្យមានបញ្ហាកើតឡើង។ ជាក់ស្ដែងតម្លៃទំនិញនៅតាមទីផ្សារ មកដល់បច្ចុប្បន្ននេះគឺយើងគ្រប់គ្រងបាន គ្មានការដំឡើងថ្លៃហួសកម្រិតនោះទេ។ ជាមួយគ្នានេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះនៅតាមរមណីយដ្ឋាននានា មន្ត្រីយើងបានចុះធ្វើការណែនាំដល់អ្នកលក់ដូរមិនឱ្យមានការតម្លើងថ្លៃនោះទេ នឹងបានចេញនូវវិធានការរក្សាតម្លៃ និងរក្សានូវសុវត្ថិភាពម្ហូបអាហារជូនដល់ភ្ញៀវទេសចរផងដែរ៕