(សៀមរាប)៖ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់ ដែលអ្នកប្រាជ្ញខ្មែរលោកបានផ្សារភ្ជាប់ ខ្លឹមសារនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ទៅតាមគម្ពីដីកាមួយចំនួន ដូចជា៖ គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិជ្ជាធរ ជាដើម ដើម្បីទុកជាទី វាទិដ្ឋានុគតិសម្រាប់ដំណើរជីវិតរបស់មនុស្សគ្រប់រូប។

ពិធីកាន់បិណ្ឌនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលបានប្រារព្ធទៅតាមរដូវកាល នៃការកាន់បិណ្ឌជារៀងរាល់ឆ្នាំ នៅគ្រប់ទីអារាមវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ បុណ្យភ្ជុំបិណ្ឌនេះ ដែលបង្កប់ទៅដោយផ្នត់គំនិតសម្រាប់អប់រំ កុំឲ្យមនុស្សគ្រប់រូបប្រមាថធ្វើអំពើអាក្រក់ជាហេតុធ្វើឲ្យខ្លួន ភ្លាំងភ្លាត់កំណើតទៅកើតក្នុងអបាយភូមិមាន នរក ប្រេត តិរច្ឆាន ជាដើម។

នាយឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលេនសៀមរាប និងលោកស្រី លោកនាយករង លោកនាយផ្នែក មេក្រុម យោធិនពិការនិងគ្រួសារ រួមទាំងបងប្អូនប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះខ័នសែនជ័យ ស្ថិតនៅភូមិស្នារតេជោ៣១៧ សង្កាត់បល្ល័ង្ក ក្រុងរុនតាឯក ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងពិធីកាន់បិណ្ឌវេនទី១៣ លោក លោកស្រី ដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំង បានឧទ្ទិសមគ្គផលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ។

ជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី១៣នេះ។

ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។

ដូច្នេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ឯក ពៅ ស៊ា និងលោកស្រី ព្រមទាំងឯកឧត្តម អស់លោក លោកស្រី បានវេរប្រគេនទ័យ្យទានគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីវត្តព្រះខ័នសែនជ័យ ទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន១៦មុខ និងបច្ច័យកសាងចំនួន ១លានរៀល បច្ច័យប្រគេនលោកសង្ឃផងដែរ។ ចំពោះលោកអាចារ្យ គណៈកម្មការវត្ត តាជីយាយជី ចំនួន៣៨នាក់ ក្នុងម្នាក់ៗ ទទួលបានកន្សែង១ និងបច្ច័យ១ម៉ឺនរៀល៕