(កំពង់ឆ្នាំង)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោកស្រី ជា ផល្គុន បានឧបត្ថម្ភស៊ីម៉ង់១០តោន និងថវិកា១លានរៀល ដល់វិទ្យាល័យសម្តេចអគ្គមហាពោធិសាល ជា ស៊ីម ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច តាមការស្នើសុំរបស់លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
តាមរយៈសំណើនេះ លោក ឈាង ចន្នី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បាននាំយកទៅប្រគល់ជូនដល់លោកនាយកសាលា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់សាងសង់អគារសិក្សាថ្មីមួយខ្នង ក្រោមអធិបតីភាពលោកស្រី កុប ម៉ារីយាស អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង។
តាមការបញ្ជាក់របស់លោក ព្រហ្ម សីហា នាយកវិទ្យាល័យ បានឲ្យដឹងថា វិទ្យាល័យសម្តេចអគ្គមហាពោធិសាល ជា ស៊ីម កំពង់ត្រឡាច មានអគារសិក្សាចំនួន៥ខ្នង ស្មើ២៤បន្ទប់ ដែលមានសិស្សានុសិស្សសរុបចំនួន១៦០៥នាក់ ស្រី៩២៧នាក់ លោកគ្រូអ្នកគ្រូមាន៤៣នាក់។
លោក ព្រហ្ម សីហា បានបន្តថា បច្ចុប្បន្នពិតមែនតែមានអគារសិក្សា៥ខ្នង ក៏ប៉ុន្តែកំណើនសិស្សានុសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំដែលធ្វើឱ្យមានការខ្វះខាតបន្ទប់សម្រាប់សិស្សសិក្សារៀនសូត្រ ទើបលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបានផ្តួចផ្ដើមក្នុងការសាងសង់អគារថ្មីមួយខ្នងបន្ថែមទៀត ដែលមានការចូលរួមជួយឧបត្ថម្ភពីអាជ្ញាធរ ប្រជាពលរដ្ឋ និងសប្បុរសជននានា បានជួយឧបត្ថម្ភក្នុងការសាងសង់អគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ ដែលបច្ចប្បន្នសម្រេចបានជាង៣០ភាគរយហើយ។
លោកស្រី កុប ម៉ារីយាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានសម្តែងនូវអំណរគុណចំពោះទឹកចឹត្តដ៏សប្បុរសរបស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ដែលបានផ្តល់ជូននូវធនធានផ្ទាល់ខ្លួន ដើម្បីបន្តការសាងសង់អគារសិក្សានេះឱ្យឆាប់បានរួចរាល់ជាស្ថាពរ លោកស្រីអ្នកតំណាងរាស្ត្រក៏បានកោតសសើរចំពោះលោកគ្រូអ្នកគ្រូ សិស្សានុសិស្សដែលបានខិតខំជួយជ្រោមជ្រែងឱ្យកើតចេញនូវអគារសិក្សាថ្មីនេះឡើង តាមរយ:ការកៀរគររកសប្បុរសជននានាមកចូលរួមជាបន្តបន្ទាប់។ លោកស្រី កុប ម៉ារីយាស និងសមាគមន៍ឥស្លាមក៏បានចូលរួមការសាង់សង់អគារសិក្សាខាងលើនេះនូវថវិកាចំនួន២លាន៥០ម៉ឺនរៀលផងដែរ។
លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យសម្តេចអគ្គមហាពោធិសាល ជា ស៊ីម កំពង់ត្រឡាច បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងសប្បុរសជននានាផងដែរ៕