(ភ្នំពេញ)៖ លោក ហេង ណន រដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ នៃការអនុវត្តគម្រោង «ផែនការគ្រប់ជ្រុងជ្រោយនៃគម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ» ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ នៃសាធារណរដ្ឋកូរ៉េ។
ពិធីនេះក៏មានការចូលចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី តំណាងសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ដឹកនាំដោយលោក YOO Hanjun តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ១.) ផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក ២.) ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង ៣.) ពិភាក្សាពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ និង ៤.) ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។
សូមជម្រាបជូនផងដែរថា គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែមានគោលបំណងចម្បងដូចជា៖ ទី១.) សិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធភស្តុភារកម្ម ប្រតិបត្តិការការងារ និងសមត្ថភាពនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទី២.) ពង្រឹងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងទី៣.) សិក្សាសមទ្ធិលទ្ធភាពនៃបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាព នៅច្រកព្រំដែនដើម្បីធ្វើឱ្យប្រសើរឡើងការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន មានជា អាទិ៍ ឃ្លាំងស្តុក មជ្ឈមណ្ឌលភស្តុភារកម្ម និងទីតាំងសក្តានុពលសេដ្ឋកិច្ចនៅតំបន់ព្រំដែន។
នាឱកាសរដ្ឋលេខាធិការ បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ (MOLIT) តាមរយៈសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិ នៃប្រទេសកូរ៉េ [International Contractors Association of Korea (ICAK)] ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ជាមួយអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ការរៀបចំសិក្ខាសាលាថ្ងៃនេះ គឺបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ក្នុងការអភិវឌ្ឍវិស័យភស្តុភារកម្មនៅប្រទេសកម្ពុជា៕