(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំស្តីពីការរៀបចំព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៦។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកអភិបាលរាជធានី បានលើកឡើងថា ឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ កើត និងថ្ងៃ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី១៣-១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូន ប្រជារាស្ត្រចូលរួមអបអរសាទរ សប្បាយរីករាយ តាមប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុជកាំជ្រូច និងសម្តែងសិល្បៈ គ្រប់ទាំង៣ថ្ងៃ។
លោកអភិបាលរាជធានី បានបន្តថា ដើម្បីរៀបចំព្រះរាជ ពិធីបុណ្យនេះ ឲ្យបានមហោឡារិក ស្របទៅតាមលក្ខណៈ ប្រពៃណីជាតិ និងធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្ត សប្បាយនោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវរៀបចំណែនាំ ដល់មូលដ្ឋាន ដែលមានទូក ង ទូកអុំ និងទូកចែវ ឲ្យហ្វឹកហ្វាត់សាកល្បង និងជ្រើសរើសទូកណា ដែលមានចំណុះពី ១៨ខ្ទង់ឡើងទៅ ហើយជាប្រភេទទូក ដែលមានល្បឿនលឿន និងមានលក្ខណៈសមស្រប។
លោកឲ្យត្រូវចាត់តាំងធ្វើប្រវត្តិរូបសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាមអ្នកអុំ អ្នកចែវ ឲ្យបានច្បាស់លាស់ ដោយត្រូវជ្រើសរើស អ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹក ស្ទាត់ជំនាញ រួចផ្ញើទៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ ឲ្យបានមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ជាកំណត់។ ត្រូវចាត់តាំង អនុគណៈកម្មការមួយ មានសមត្ថភាពទទួលខុសត្រូវ លើការគ្រប់គ្រងទូក និងប្រទីបហើយត្រូវធ្វើការណែនាំ អប់រំបំពាក់បំប៉ន ដល់អ្នកអុំទូក និងអ្នកចែវទូកទាំងអស់ ឲ្យយល់ពីខ្លឹមសារ នៃព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីជាតិ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានណែនាំបន្ថែមដល់ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបង្កើនការការពារសន្តិសុខ សុវត្ថិភាពឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ ដើម្បីបញ្ចៀសនូវការកកស្ទះ ជាពិសេសក្នុងឆ្នាំកន្លងមក នៅក្នុងព្រះរាជពិធីបុណ្យនេះ ធ្លាប់មានហេតុការណ៍អាក្រក់ នៃការរត់ជាន់គ្នា បណ្តាលឲ្យមានមនុស្សស្លាប់ ជាង៣០០នាក់ ដូច្នេះសមត្ថកិច្ច ត្រូវមានប្រុងប្រយ័ត្នខ្ពស់។
ក្នុងឱកាសនោះ ក៏មានកម្មវិធីសិល្បៈសម្តែងជូនប្រជារាស្ត្រ ទស្សនាកម្សាន្តសប្បាយ នៅមុខវត្តបទុមវតី រមណីយដ្ឋានវត្តភ្នំ សួនច្បារសម្តេច ហ៊ុនសែន នៅត្រើយខាងជ្រោយចង្វា ត្រង់រូបសំណាកព្រះនាងប្រាជ្ញាបារមី និងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ តាមកម្មវិធីកំណត់ជាក់ស្តែង។
ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ ត្រូវលើកផែនការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និងចរាចរសាធារណៈ មុនក្រោយ និងក្នុងពេលប្រារព្ធ ព្រះរាជពិធី ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ បានចូលរួមច្រើនកុះករ ក្នុងព្រះរាជពិធីនេះ។ លោកបានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យនេះ មានប្រជាពលរដ្ឋ មកកម្សាន្តយ៉ាងច្រើនកុះករ បានធ្វើឲ្យបញ្ហាសំរាម មានការកើនឡើង ដូច្នេះក្រុមហ៊ុនស៊ីនទ្រី ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រមូលសំរាម ហើយបញ្ហាសំខាន់មួយទៀត គឺបង្គន់អនាម័យ ត្រូវដាក់តាមបណ្តា គោលដៅសំខាន់ៗ ចំនួន៥កន្លែង៕