(ភ្នំពេញ)៖ គាំទ្រចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល ទាំងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រើប្រាស់ CoolApp ជំនួសឲ្យ Telegram នោះ, លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបង្កើត Group CoolApp សម្រាប់ទំនាក់ទំនងការងារប្រចាំថ្ងៃជំនួស Telegram។

លោកអ្នកអាច Joint Group CoolApp ជាមួយក្រុមព័ត៌មានរបស់ «លេខាធិការដ្ឋាន គ.ស.ព.ស.» តាមរយៈ QR code និង Link ខាងក្រោម៖ https://group.coolapp.chat/#CjQKICxeCblFJQUwqqVHYHT7r6mkb2IsOwpyEowju2zJ-ufOEhAgRJL4b7kDjA0AKMu8kPMm

សូមជម្រាបថា ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលស្នើឱ្យរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល ទាំងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រើប្រាស់ CoolApp ជំនួសឲ្យ Telegram នោះ, គេសង្កេតឃើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមបណ្តាក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានបង្កើតគ្រុប CoolApp ជាបន្តបន្ទាប់ ដើម្បីធ្វើការទំនាក់ទំនងការងារប្រចាំថ្ងៃជំនួស Telegram។

ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមាន សារមានព័ត៌មានជាច្រើន បានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួន ដែលបានធ្វើឲ្យសម្តេចមានការព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន របស់ប្រជាជនកម្ពុជាម្នាក់ៗ។

សម្តេចបញ្ជាក់ថា ការស្នើនេះ មិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុង​ដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។

សម្តេចតេជោលើកឡើងថា យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេង ទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។

សម្តេចបន្ថែមថា បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់ ៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕