(កំពង់ចាម)៖ ខណៈដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ខិតជិតមកដល់លោក ផៃ សុខខេង នាយករងខុទ្ធការល័យ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល ការចែករំលែក ផ្តល់ពុទ្ធិ ចំនេះដឹង ចំនេះធ្វើ និងលើកទឹកចិត្ដដល់សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យចំនួន២ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីទទួលបានជ័យជំនះនៃការប្រលងមធ្យមសិក្សទុតិយភូមិនៅខែតុលា ឆ្នាំ២០២៤ នេះខាងមុខ។
នាឱកាសនោះដែរ លោកក៏បានជំរុញដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ នៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវខិតខំយកចិត្ដទុក់ដាក់រៀនសូត្របន្ថែម ហើយនៅពេលប្រលងមិនត្រូវអវត្ដមាន និងត្រូវធ្វើយ៉ាងឱ្យសំណេរប្រលងរបស់ខ្លួនមានភាពជាក់លាក់ និងត្រឹមត្រូវ។
លោក ផៃ សុខខេង បានថ្លែងថា ការរជួបសំណេះសំណាលនេះ ដើម្បីបង្កើនការប្រឡងជាប់បន្ថែមទៀត ក៏ដូចជាវិនិយោគសន្តិភាព ធ្វើធម្មទានដោយចែករំលែក ផ្តល់ពុទ្ធិ ចំនេះដឹង ចំនេះធ្វើ បទពិសោធន៍ យុទ្ធវិធីប្រឡង និងការរស់នៅជាពលរដ្ឋល្អនាសម័យឌីជីថល។
លោក ផៃ សុខខេង បានសន្និដ្ឋានថា ការចូលរួមចំណែកពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់រួមមានការខិតខំប្រឹងប្រែងពី មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សហគមន៍សប្បុរសជនជាតិ អន្តរជាតិ អង្គការដៃគូអភិវឌ្ឍនានា ការគាំទ្រពីអាជ្ញាធរដែនដី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល បានជំរុញឱ្យវិស័យអប់រំ ក្នុងខេត្តកំពង់ចាម មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកបន្ថែមថា លទ្ធផលដ៏ជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងមកបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី ទទួលខុសត្រូវ សាមគ្គីភាព កិច្ចសហការល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅ អភិវឌ្ឍដោយចីរភាព និងការគាំទ្រអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និង២០៥០។
សូមបញ្ជាក់ថា មណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តកំពង់ចាម មានចំនួន១៤មណ្ឌល ស្មេីនឹង៣៦១បន្ទប់ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ៕