(កំពង់ឆ្នាំង)៖ ក្នុងរដូវបុណ្យ និងក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ នៅមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃគឺពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង-ស្រុក នៃខេត្តកំពង់ឆ្នាំង និងមកពីបណ្តាស្រុក-ខេត្តផ្សេងទៀតរាប់ពាន់នាក់ បាននាំគ្នាមកជិះកាណូតទេសចរណ៍ ឬកាណូតផ្ទាល់ខ្លួនកំសាន្ត ជួបជុំសាច់ញាតិមិត្តភក្តិ តាមដងទន្លេ និងមានការប្រណាំងកាណូត និងគប់កំប៉ោង លេងកំសាន្តរយៈពេល៣ថ្ងៃជាប់ៗគ្នា សប្បាយយ៉ាងខ្លាំង។
ក្នុងអំឡុងពេលនោះផងដែរ កម្លាំងសមត្ថកិច្ចនគរបាលក្រុង និងនគរបាលខេត្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ឡុច សុវណ្ណរ៉ា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ បានយកចិត្តទុកដាក់ដឹកនាំ និងបញ្ជាកម្លាំងការពារតំបន់កំសាន្តនានាក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសអនុវត្តតាមស្មារតីអង្គប្រជុំរបស់លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន ឆ្នាំ២០១៦នេះ។
ចំណែកសណ្តាប់ធ្នាប់ និងសន្តិសុខវិញ ប្រជាការពារ សមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជំនាញ បានសហការគ្នារក្សា និងការពារបានល្អ ពុំមានអំពើលួចឆក់កើតឡើងឡើយ។ ក្នុងឱកាសប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃគិតពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌបានកើតឡើង១លើក គឺករណីប្រើប្រាស់អាវុធខុសច្បាប់ នៅស្រុកកំពង់លែង ឃាត់ជនសង្ស័យម្នាក់ កសាងសំណុំរឿងបញ្ជូនទៅតុ លាការខេត្ត។ គ្រោះថ្នាក់ចរាណ៍កើតឡើង១លើក នៅក្នុងស្រុកកំពង់ត្រឡាច រថយន្តបុកម៉ូតូ របួសធ្ងន់១នាក់ ខូតខាតម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង។ បង្ក្រាបគ្រឿងញៀន០២ករ ណី នៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុកកំពង់ត្រឡាច ឃាត់ខ្លួនមនុស្ស០៣នាក់ ស្រី០១នាក់ដកហូតថ្នាំញៀន០២កញ្ចប់តូច ទូរសព្ទ័ដៃ០២គ្រឿង កន្ត្រៃតូច០២ កាំបិត០១ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
សភាពការសន្តិសុខរួមនៅក្នុងខេត្ត កងកម្លាំនគរបាលគ្រប់ស្រុក សហការជាមួយប្រជាការពារ កងរាជអាវុធហត្ថស្រុក ខេត្ត និងតំបន់ប្រតិបត្តិការស្រុក-ខេត្ត រៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ នៅតាមវត្តអារាម ទីប្រជុំជន កន្លែងកំសាន្តនានា និងការពារថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងប្រប្រជាពលរដ្ឋ អញ្ជើញមកធ្វើបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងមកលេងកំសាន្តបានល្អ ពុំមានគ្រោះថ្នាក់អ្វី ឬអសន្តិសុខអ្វីកើតឡើងនោះឡើយ៕