(កំពង់ស្ពឺ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកស្ទឹងព្រែកត្នោត និងស្ថានភាពទំនប់អាងទឹកតាសាល ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ទំនប់អាងទឹកតាសាលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១១ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា មានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០លានម៉ែត្រគូប មានផ្ទៃរងទឹកភ្លៀង ៤៦៥គីឡូម៉ែត្រការ៉េ និងមានសំណង់សំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៧២០ម៉ែត្រមានកម្ពស់ ២១ម៉ែត្រនិងខ្នងលើ ៦ម៉ែត្រ និងទំនប់បង្ហៀរប្រវែង ៩២,៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួនទៀត។ ស្ថានភាពទឹកនៅពេលបច្ចុប្បន្ននេះមានកម្រិតប្រមាណ៣៥%។
លោករដ្ឋមន្ត្រីបានឲបញ្ជាក់ឱ្យដឹងថា ទំនប់អាងទឹកតាសាលដ៏មានសក្តានុពលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោត និងការរក្សាទឹកទុកសម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្មនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ និងជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានការព្យាករពីស្ថានភាពធាតុអាកាស ការគ្រប់គ្រងទំនប់អាងទឹកតាសាល ការចែករម្លែកនិងផ្ដល់ព័ត៌មានពីកម្ពស់ទឹក ធារទឹក និងបរិមាណទឹកភ្លៀងនៅផ្នែកខាងលើនិងខាងក្រោមនៃស្ទឹងព្រែកត្នោតទាំងមូល ជាពិសេសការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើកទឹក ដើម្បីពង្រឹងការគ្រប់គ្រងទឹកជំនន់ និងកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុដល់បណ្តាតំបន់ភូមិសាស្ត្រនៅផ្នែកខាងក្រោមស្ទឹង។
សូមបញ្ជាក់ថា ទំនប់អាងទឹកនេះបានទទួលប្រភពទឹកពីស្ទឹងតាសាល និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ សម្រាប់ការប្រើប្រាស់ពហុបំណងគឺជាទំនប់ការពារនិងគ្រប់គ្រងទឹកជំនន់ស្ទឹងព្រែកត្នោត និងជាប្រភពទឹកសម្រាប់ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មនិងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ប្រភពទឹកនៃទំនប់អាងទឹកតាសាលអាចជួយស្រោចស្រពបន្ថែមលើប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃខាងជើង និងរលាំងជ្រៃខាងត្បូងបានមួយចំនួនថែមទៀត និងជួយផ្គត់ផ្គង់តម្រូវការប្រើប្រាស់បំពេញបន្ថែមផ្នែកខាងក្រោមនៅរដូវប្រាំង។
នៅរសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា អនុគម្រោងរំដោះទឹកស្ទឹងតូចនេះជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ដែលមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយហូរធ្លាក់ទៅទន្លេបាទីក្នុងខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។ ការងារសំខាន់ៗ រួមមាន៖ ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងទី២)ជួសជុលនិងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹក ១កន្លែង មានទ្វារទឹកចំនួន៥។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩០%។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានស្នើដល់ក្រុមការងារសាងសង់ឱ្យបង្កើនការយកចិត្តទុកដាក់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសុវត្ថិភាពសន្តិសុខទឹកជូនដល់ភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប៕