(ភ្នំពេញ)៖ ដោយសារតែការវិវត្តននៃវិស័យអប់រំថ្នាក់ឧត្តមសិក្សាចាប់ពីសតវត្សរ៍ទី១៩ និងទី២០ បានបង្កើតឱ្យមាននូវមុខវិជ្ជាថ្មីៗគឺ Doctor of Philosophy (Ph.D.) ឬគេហៅថា Traditional Doctor of Philosophy និងមុខវិជ្ជា Professional Doctorate គឺបានបែងចែកជំនាញយ៉ាងច្បាស់លាស់រវាងវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តពិត។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ពីភាពខុសគ្នារវាង Doctor of Philosophy (Ph.D.) និង Professional Doctorate (Dr.) បណ្ដាញព័ត៌មាន Fresh News នឹងដកស្រង់ការពន្យល់លម្អិតពីសៀវភៅ «គន្លឹះនៃវិធីសាស្រ្តស្រាវជ្រាវសម្រាប់សរសេរនិក្ខេបបទ» របស់លោកបណ្ឌិត ឥន សុផល ដូចតទៅ៖
* Doctor of Philosophy (Ph.D.) បណ្ឌិតទស្សនវិជ្ជា (ស.វ ទី១៩)
បើយើងពន្យល់អំពីពាក្យ Ph.D. បើបកប្រែឱ្យចំអត្ថន័យគឺបណ្ឌិតទស្សវិជ្ជា ប៉ុន្តែបើបកប្រែឱ្យត្រូវខ្លឹមសារគឺជាបណ្ឌិតសង្គមវិទ្យា ព្រោះពុំមែនសិក្សាទៅលើតែទស្សនវិជ្ជាប៉ុណ្ណោះទេ គឺសិក្សាយ៉ាងទូលំទូលាយទៅលើសង្គមទាំងមូល។
- យោងតាមការលើកឡើងរបស់អ្នកនិពន្ធ Chris Park នៅឆ្នាំ១៨១០គ.ស និងលោក Wilhelm von Humboldt ជាអ្នកបង្កើតសាកលវិទ្យាល័យប៊ែលឡាំងតម្រូវឱ្យបុគ្គលិកបម្រើការនៅគ្រឹះស្ថានឧត្តមសិក្សាត្រូវមានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា (Doctor of Philosophy, Ph.D.) ជាសញ្ញាបត្របញ្ជាក់អំពីជំនាញវិជ្ជាជីវៈអាជីពអ្នកស្រាវជ្រាវ។ ចាប់ពីពេលនោះមកសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតអង់គ្លេស និងនិស្សិតអាមេរិក បានទៅសិក្សាយកសញ្ញាបត្រទស្សនវិជ្ជា ក្នុងគោលបំណងបម្រើការងារនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា ជាអ្នកស្រាជ្រាវវិជ្ជាជីវៈ។ ក្រោយពីបញ្ចប់ការសិក្សារ និស្សិតទាំងនោះ បានវិលត្រឡប់ទៅបម្រើការតាមសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ធ្វើជាអ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យនៅតាមសាកលវិទ្យាល័យនានា។
- នៅសតវត្សរ៍ទី១៩ មុខជំនាញបណ្ឌិតទស្សនវិជ្ជា ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកសិក្សាថ្នាក់ Ph.D. នៅតាមសកលវិទ្យាល័យរបស់ខ្លួន។ អ្នកនិពន្ធ Chris Park បានបញ្ជាក់ថា «នៅឆ្នាំ១៨៦១ សាកលវិទ្យាល័យ Yale របស់សហរដ្ឋអាមេរិក បានបង្កើតកម្មវិធីសិក្សាថ្នាក់ Ph.D. ដំបូងគេបង្អស់ ដោយយកលំនាំតាមកម្មវិធីសិក្សារបស់សាកលវិទ្យាល័យប៊ែលឡាំង របស់អាល្លឺម៉ង់ ហើយបន្តបន្ទាប់មានសាកលវិទ្យាល័យ Harvard, Michigan និង Pennsylvania។ មុខវិជ្ជា Ph.D. បានបន្តទៅដល់សាកលវិទ្យាល័យ Toronto នៃប្រទេសកាណាដា ឆ្នាំ១៨៩៧ និងសាកលវិទ្យាល័យ Oxford របស់ចក្រភពអង្គគ្លេសនៅឆ្នាំ១៩១៧។
- អ្នកនិពន្ធ Chris Park បានបញ្ជាក់ថា «សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប ជាពិសេសចក្រភពអង់គ្លេស អ្នកដែលចង់សិក្សាថ្នាក់ Ph.D. គឺក្នុងគោលបំណងក្លាយទៅជាអ្នកស្រាវជ្រាវវិជ្ជាជីវៈអាជីពនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីបន្សល់ទុកស្នាដៃដល់មនុស្សជំនាន់ក្រោយ។
* Professional Doctorate (Dr.) បណ្ឌិតជំនាញឯកទេស (ស.វ ទី២០)
- កម្មវិធីសិក្សាថ្នាក់បណ្ឌិតចេះតែវិវត្តពីមួយសតវត្សទៅមួយសតវត្ស បើយោងតាមការលើកឡើងរបស់អ្នកនិពន្ធ Michael Jones ថា «ស្របពេលសកលវិទ្យាល័យនៅចក្រភពអង់គ្លេស បង្កើតឱ្យមានកម្មវិធីសិក្សាថ្នាក់ Ph.D. សហរដ្ឋអាមេរិក ក៏បានបង្កើតឱ្យមានកម្មវិធីសិក្សាថ្មីមួយទៀតគឺ Professional Doctorate (Dr.)។ ការបង្កើតឱ្យមានកម្មវិធីសិក្សាថ្នាក់ Professional Doctorate (Dr.)នេះ ក្នុងគោលបំណងបណ្ដុះបណ្ដាលអ្នកសិក្សាស្រាវជ្រាវផ្នែកជំនាញឯកទេស ដើម្បីបម្រើក្នុងវិស័យឧស្សាកម្ម និងវិទ្យាសាស្រ្ត។ ដូច្នេះអ្នកសិក្សា Professional Doctorate (Dr.) គឺជាអ្នកស្រាវជ្រាវឯកទេសវិទ្យាសាស្រ្ត ដូចជាវិស័យសុខាភិបាល, វិស្វករ, បច្ចេកវិទ្យា ដែលជាមុខវិជ្ជាពេញនិយមសម្រាប់សម័យទំនើប ជាពិសេសនៅប្រទេសអឺរ៉ុប ដែលត្រូវការអ្នកស្រាវជ្រាវផ្នែកជំនាញឯកទេសជាច្រើន សម្រាប់បម្រើវិស័យឧស្សាហកម្ម និងវិទ្យាសាស្រ្ត ហេតុនេះហើយទើបធ្វើឱ្យប្រទេសអឺរ៉ុប មានការរីកចម្រើនខ្លាំងក្នុងវិស័យឧស្សាហកម្ម និងវិទ្យាសាស្រ្ត។
• ភាពខុសគ្នានៃរយៈពេលសិក្សា
- Doctor of Philosophy (Ph.D.) រយៈពេលរៀន១ + ៣ មានន័យថា រៀនមុខវិជ្ជាក្នុងថ្នាក់១ឆ្នាំ និងស្រាវជ្រាវសរសេរនិក្ខេបបទរយៈពេល ៣ឆ្នាំ ឬ លើសពីនេះ។
- Professional Doctorate (Dr.) រយៈពេលរៀន ៣ + ១ មានន័យថា រៀនមុខវិជ្ជាក្នុងថ្នាក់រយៈពេល៣ឆ្នាំ ស្រាវជ្រាវ និងសរសេរសារណារយៈពេល ១ឆ្នាំ ឬ លើសពីនេះ។
• ភាពខុសគ្នានៃការសរសេរនិក្ខេបបទ
- Doctor of Philosophy (Ph.D.) សរសេរនិក្ខេបបទ (Dissertation) ចាប់ពី ៨០,០០០ពាក្យទៅដល់ ១២០,០០០ពាក្យ។
- Professional Doctorate (Dr.) សរសេរសារណា (Thesis) ចាប់ពី ៤០,០០០ពាក្យទៅដល់ ៨០,០០០ពាក្យ។
• មុខជំនាញវិជ្ជាជីវៈ
- Doctor of Philosophy (Ph.D.) រៀនដើម្បីក្លាយទៅជាអ្នកស្រាវជ្រាវវិជ្ជាជីវៈ។ ការស្រាវជ្រាវផ្ដោតសំខាន់ទៅលើចំណេះដឹងផ្នែកទ្រឹស្ដី និងសង្គម គឺជាអ្នកស្រាវជ្រាវបង្ហាញពីយុទ្ធសាស្រ្តគ្រប់គ្រងជាតិ និងការកំណត់គោលនយោបាយសាធារណៈ...។ល។
- Professional Doctorate (Dr.) រៀនដើម្បីក្លាយទៅជាអ្នកជំនាញឯកទេសវិជ្ជាជីៈ។ ការស្រាវជ្រាវផ្ដោតសំខាន់ទៅលើជំនាញឯកទេសវិទ្យាសាស្រ្ត ដូចជាវិទ្យាសាស្រ្តសុខាភិបាល, វិស្វករ, បច្ចេកវិទ្យាជាដើម...។ល។
• ការប្រើងារ
- Doctor of Philosophy (Ph.D.) សរសេរនៅក្រោយឈ្មោះ
ឧទាហរណ៍៖ IN Sophal, Ph.D.
អ្នករៀន Ph.D. អាចប្រើពាក្យ Dr. នៅពីមុខឈ្មោះក៏បានដែរ ដោយយោងតាមពាក្យ Doctor ពីអតីតមានន័យថា Doctor of Philosophy។ ប៉ុន្តែអ្នករៀន Doctor of Philosophy ភាគច្រើនចូលចិត្តប្រើងារ Ph.D. ជាជាងងារ Dr. ព្រោះមានក្រេឌីតខ្ពស់ជាង។
- Professional Doctorate (Dr.) សរសេរងារបានតែនៅពីមុខឈ្មោះ
ឧទាហរណ៍៖ Dr. Chan Dara
វេជ្ជបណ្ឌិតក៏ប្រើ (Dr.)ផងដែរ ព្រោះនៅក្នុង Professional Doctorate ប៉ុន្តែអ្នក Professional Doctorate មិនអាចប្រើងារ Ph.D. ដាក់នៅពីក្រោយឈ្មោះបានទេ ប្រើបានតែ (Dr.) ប៉ុណ្ណោះ។
យោងតាមអត្ថន័យខ្លឹមសារនៃការសិក្សាយកសញ្ញាបត្រ Doctor of Philosophy (Ph.D.) និង Professional Doctorate (Dr.) ពុំមែនដើម្បីធ្វើចៅហ្វាយស្រុក ចៅហ្វាយខេត្ត រដ្ឋមន្រ្តី ឬ នាយករដ្ឋមន្រ្តីនោះទេ គឺជាអ្នកសិក្សាចង់ក្លាយខ្លួនទៅជាសាស្រ្តាចារ្យ ឬ អ្នកស្រាវជ្រាវអាជីព ដែលមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីស្រាវជ្រាវផ្នែកសង្គម ផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្ត សរសេរសៀវភៅសម្រាប់អភិវឌ្ឍន៍សង្គម និងបម្រើការដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ឱ្យមានការរីកចម្រើន និងសម្រាប់មនុស្សជំនាន់ក្រោយៗបានយល់ដឹង។ ដូច្នេះបណ្ឌិត ត្រូវមានស្នាដៃបោះពុម្ភ សម្រាប់ទុកជាបទពិសោធ ជាយុទ្ធវិធីគន្លឹះសំខាន់ៗសម្រាប់ដោះស្រាយបញ្ហានៅក្នុងសង្គម និងចូលរួមអភិវឌ្ឍន៍សង្គមជាតិតាមរបកគំហើញថ្មីៗ៕