(ភ្នំពេញ)៖ អនុវត្តតាមការសម្រេចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានដឹកនាំមេធាវីជាង ២០០នាក់ ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម (ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ) ដែលសហការរៀបចំ ជាមួយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ដំណើរទស្សនកិច្ចដែលផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនេះមានគោលបំណង ពិនិត្យនិងសិក្សាព្រំដែនរវាង ប្រទេសកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំនិងខេត្តក្រចេះ និងផ្តល់ឱកាសដល់បងប្អូនសហភាតាទាំងអស់បានឃើញដោយផ្ទាល់ អំពីការអភិវឌ្ឍជាក់ស្តែងនូវការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន ការបោះបង្គោលព្រំដែននិងការអភិវឌ្ឍ ជារួមរបស់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំនិងខេត្តក្រចេះ។

ជាលទ្ធផលដោយផ្អែកទៅលើឯកសារច្បាប់ ការពន្យល់បង្ហាញដោយក្រុមអ្នកជំនាញរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការពិនិត្យជាក់ស្តែងលើទីតាំងបង្គោលព្រំដែនផ្ទាល់ លោក លី ច័ន្ទតុលា ក៏ដូចជាមេធាវីនៅក្នុងគណៈប្រតិភូបានលើកឡើងថា ការបោះបង្គោលព្រំដែនគោក តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមគឺមានលក្ខណៈត្រឹមត្រូវ ស្របទៅតាមច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិផ្សេងៗដោយផ្អែកលើគោលការណ៍ ៣ ជាមូលដ្ឋានគឺ៖

* ១៖ គោលការណ៍ខ្សែព្រំដែនមិនកែប្រែដែលបន្សល់ទុកដោយអាណានិគម (Uti Possidetis) ដូចមានលើផែនទី SGI ខ្នាត ១/១០០.០០០ បោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន សន្ធិសញ្ញា អនុសញ្ញា និងសេចក្តីសម្រេចនានារបស់អគ្គទេសាភិបាលឥណ្ឌូចិន

* ២៖ គោលការណ៍ច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិលើវិស័យកំណត់ព្រំដែន

* ៣៖ ការរស់នៅកាន់កាប់ជាក់ស្តែងរបស់ប្រជាជនជាច្រើនជំនាន់។

លើសពីនេះទៅទៀត លោក លី ច័ន្ទតុលា និងគណៈប្រតិភូបានធ្វើការកត់សម្គាល់ផងដែរអំពីការអភិវឌ្ឍនៅតាមតំបន់ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ តាមរយៈការតាំងទីលំនៅរបស់ប្រជាពលរដ្ឋក៏ដូចជាការរៀបចំផ្លូវខ្សែក្រវាត់ព្រំដែនបានល្អស្អាត ដែលបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ ជាចុងក្រោយ គណៈមេធាវី បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋចូលរួមមកធ្វើការទស្សនានៅតាមតំបន់ព្រំដែននេះតាមរយៈ ទស្សនកិច្ចផ្លូវការរបស់យន្តការរាជរដ្ឋាភិបាល ឬតាមរយៈការធ្វើដំណើរមកផ្ទាល់ខ្លួន ដែលទេសភាពនារដូវវស្សានៅតាមតំបន់ព្រំដែនមានលក្ខណៈស្រស់ស្អាតនិងមានសុវត្ថិភាព។

លោក លី ច័ន្ទតុលា បានថ្លែងថា «ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចទៅកាន់ខេត្តភាគឦសានឡើង។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ឡាំ ជា រដ្ឋមន្រ្តីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានផ្តល់កិច្ចសហការនិងផ្តល់អ្នកជំនាញ ដែលធ្វើឱ្យដំណើរទស្សនកិច្ចនេះអាចប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសហភាតា ដែលមានវត្តមានក្នុងដំណើរទស្សនកិច្ចនេះទាំងអស់ ដែលបានចំណាយពេលវេលាចុងសប្តាហ៍និងគៀកបុណ្យភ្ជុំបិណ្ឌ ដ៏មានតម្លៃក្នុងការចូលរួមជាមួយ ខ្ញុំបាទដើម្បីពិនិត្យព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាមក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ និងខេត្តក្រចេះនេះរួមគ្នា»