(ភ្នំពេញ)៖ នៅរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋគ្រប់គ្នា បានឈប់សម្រាកពីការងារ ព្រមទាំងបានជួបជុំគ្រួសារ ក្រៅពីទៅវត្តអារាម ប្រតិបត្តិតាមប្រពៃណីជាតិ ជំនឿ សាសនា រួចមមក ក៏មានដំណើរកម្សាន្ត តាមតំបន់រម្មណីយដ្ឋាននានាផងដែរ។
សហគមន៍តំបន់ការពារធម្មជាតិ ជាម្រើសមួយបន្ថែមទៀត សម្រាប់ដំណើរកម្សាន្តក្នុងពេលសម្រាក ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ព្រោះតំបន់សហគមន៍ បានរៀបចំបានផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ ប្រកបដោយការទទួលខុសត្រូវ ដែលមិនត្រឹមតែ មានទេសភាពធម្មជាតិ ត្រជាក់ចិត្ត ទឹកជ្រោះ សត្វព្រៃ ដើមឈើ ប្រកបដោយខ្យល់អាកាសល្អ ព្រមទាំងអាចរួមចំណែកពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅអំឡុងពេលជួបជាមួយអ្នកសារព័ត៌មាន នាថ្ងៃអាទិត្យ ទី២៩ ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ទេសចរណ៍នៅតាមតំបន់សហគមន៍តំបន់ការពារធម្មជាតិ រួមចំណែកដល់គោលលដៅអភិវឌ្ឍន៍លំហែបៃតង ដែលក្រសួងបរិស្ថាន នាពេលកន្លងមក បានយកចិត្តទុកដាក់លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតមុខរបរថ្មីបម្រើ ឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាល សហគមន៍ឱ្យចេះគ្រប់គ្រង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំរួមផ្សំផ្សេងទៀត មានបន្លែបង្ការ ចិញ្ចឹមសត្វផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃខ្លួនឯងផង សម្រាប់លក់ទៅទីផ្សារ និងសម្រាប់បម្រើសេវាកម្មទេសចរណ៍ ដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍ផងដែរ។
លោក ខ្វៃ អាទិត្យា បានបន្ថែមថា ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ទេសចរជាតិនិងអន្តរជាតិ ក្នុងការដើរកម្សាន្ត នៅក្នុងថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាកនានា ក្រសួងបរិស្ថានកន្លងមកបានគាំទ្រនិងពង្រឹងសមត្ថភាពសហគមន៍ ជាពិសេសជំរុញទេសចរណ៍នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេស គោលដៅទេសចរណ៍ទាក់ទាញល្បីៗ នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តដល់អ្នកទេសចរណ៍ ទៅកម្សាន្តបន្តទៀតនៅតំបន់ ដែលស្ថិតនៅក្នុងភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ដូចជាវាលធំ ក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី តំបន់ជំរំសត្វទោច, ទឹកធ្លាក់ឡេងកៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា នៅខេត្តមណ្ឌលគីរីផងដែរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានកន្លងមក បានជំរុញការអភិវឌ្ឍទេសចរណ៍លំហែបៃតង ដល់តំបន់សហគមន៍តំបន់ការពារធម្មជាតិ ចំនួនជាង៥០កន្លែង ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ ក្នុងចំណោមសហគមន៍សរុបចំនួន ១៩៣ សហគមន៍។
តំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់ដល់ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងផ្តល់ប្រភពថាមពល ដោយហេតុថារាល់តំបន់ស្នូល និងតំបន់អភិរក្សទាំងអស់ គឺជាសសរកន្លោង រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈមុខងារនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងប្រភពធនធានជីវៈចម្រុះ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ។ ហើយតំបន់ការពារធម្មជាតិទាំងនេះ ក៏ជាតំបន់ដែលមានសក្តានុពលយ៉ាងធំធេងក្នុង ការប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ក្នុងការចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ ហេតុនេះ យើងត្រូវថែរក្សា ការពារ និងអភិរក្សសម្រាប់មនុស្សគ្រប់ជំនាន់។
ក្រសួងបរិស្ថានបានដាក់ចេញ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
សសរស្តម្ភទី២ នៃយុទ្ធសាស្រ្តគឺ «ភាពបៃតង» ដែលបានកំណត់មុំស្នូលទី៣ ដែលផ្តោតលើអាទិភាពការងារចំនួន រួមមាន៖ ទី១ ៖ ការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងការរស់នៅស្អាតរបស់ប្រជាសហគមន៍ តាមរយៈ ការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលស្អាត។ ទី២ ៖ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើនប្រាក់ចំណូល ពីទេសចរណ៍ធម្មជាតិ និងវប្បធម៌ និងជម្រើសមុខរបរសមស្រប និងទី៣ ៖ ការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ តាមរយៈការពង្រីកគម្របព្រៃឈើ និងការលើកកម្ពស់តម្លៃ នៃបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់៕