(ភ្នំពេញ)៖ លោកបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀន ជាទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមនិងកសាងមូលដ្ឋានគ្រឹះអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ។

លោកបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តកម្មឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

លោកបណ្ឌិត ជួន ជីវិន បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលគ្រូជំនាញភាសាអង់គ្លេស​ តាមស្តងដា ETS TEOFL ITP រៀបចំដោយសាលាអន្តរជាតិ ហ្គោ ហ្គោ សហការជាមួយវិទ្យាស្ថានអប់រំអន្តរជាតិ (IIE) ដោយមានការចូលរួមពីលោក សេង គឹមម៉ា អគ្គនាយក និងក្រុមការងារ នៃសាលាអន្តរជាតិ ហ្គោ ហ្គោ, តំណាងនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃវិទ្យាស្ថានអប់រំអន្តរជាតិ, គ្រូឧទ្ទេស នៃ ETS និងមានសិក្ខាកាមជាច្រើនរូបទៀត។

លោកបណ្ឌិត ជួន ជីវិន បានបន្ថែមថា ចំណេះដឹង បទពិសោធន៍ និងការពិភាក្សា ដែលលោក លោកស្រី លោកគ្រូ អ្នកគ្រូ បានចូលរួមយ៉ាងសកម្ម និងចែករំលែកក្នុងសិក្ខាសាលានេះ បានបង្ហាញពីតួនាទីដ៏សំខាន់​ក្នុងការពង្រឹង​ជំនាញភាសាអង់គ្លេស របស់លោកគ្រូ អ្នកគ្រូ ក្នុងជីវភាពការងាររបស់ខ្លួន និងអនាគត់សិស្សរបស់យើង។ TOEFL ITP មិនមែនគ្រាន់តែជាឧបករណ៍រង្វាយតម្លៃទេ វាគឺជាមធ្យោបាយនៃការ​ពង្រឹងសក្តានុពល ដែលអនុញ្ញាតឱ្យអ្នកសិក្សា អាចមានឱកាសបន្តការសិក្សា នៅកម្រិតឧត្តមសិក្សា អាជីពការងារ និងជាពលរដ្ឋសកល។

យើងបានដឹងហើយថា លោកគ្រូ អ្នកគ្រូ មិនត្រឹមតែត្រូវការឧបករណ៍ដែលល្អសម្រាប់ការបង្រៀនរបស់ខ្លួនប៉ុណ្ណោះទេ តែជាការចាំបាច់ត្រូវមានចំណេះដឹងក្នុងការប្រើប្រាស់ឧបករណ៍ទាំងនោះប្រកបដោយ​​ប្រសិទ្ធភាព ដើម្បីបំពេញសេចក្តីត្រូវការ ក្នុងផ្តល់និងផ្ទេរចំណេះ ជំនាញដល់សិស្សានុសិស្ស។ ស្តង់ដាមានមូលដ្ឋានរឹងមាំ ដែលកំណត់ដោយ ETS គឺធានាបាននូវទំនុកចិត្តនិងភាពជឿជាក់លើឧបករណ៍តេស្ត​ស្តង់ដា TOEFL ITP សម្រាប់ជារង្វាស់ប្រកប ដោយប្រសិទ្ធភាព ហើយធ្វើឱ្យយើងមានភាពជឿជាក់ក្នុងការបង្រៀន។

លោកបណ្ឌិត ជួន ជីវិន ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ យកការយល់ដឹងនិងវិធីសាស្ត្រដែលទទួលបានពីសិក្ខាសាលានេះ ទៅប្រើប្រាស់ជាប្រយោជន៍ដល់សាលារបស់ខ្លួន ហើយធ្វើការរួមគ្នាដើម្បីអនុវត្តស្តង់ដា​ ឧត្តមានុវត្តន៍ដែលបានពិភាក្សា ដោយធានាថាសិស្សត្រូវបានទទួលនូវការបណ្តុះបណ្តាលយ៉ាងល្អ សម្រាប់ត្រៀមប្រកួតប្រជែងក្នុងការសិក្សារបស់ខ្លួន។ អនាគតនៃប្រទេសជាតិ និងពិភពលោក ស្ថិតនៅក្នុងដៃ​សិស្សានុសិស្ស និងអ្នកសិក្សាទាំងឡាយ ហើយក៏ជាកតព្វកិច្ចរបស់យើងជាគ្រូបង្រៀន ក្នុងការតម្រង់ទិស និងគាំទ្រដល់ពួកគេ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យដ៏សុខដុម។

លោកបណ្ឌិត ជួន ជីវិន ក៏បានបន្ថែមថា គោលនយោបាយស្តីពីគ្រូបង្រៀន ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងលើកទឹកចិត្តអ្នកមានសមត្ថភាព​ឱ្យប្រកបវិជ្ជាជីវៈជាគ្រូបង្រៀន, ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន, ធានាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ, និងធានាលក្ខខណ្ឌចាំបាច់ចំពោះគ្រូបង្រៀន ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិផងដែរ៕