(ម៉ុងត្រេអាល់, កាណាដា)៖ ក្នុងដំណើរស្វះស្វែងកៀរគរអ្នកវិនិយោគនៅប្រទេសកាណាដា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លៀតជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ រស់នៅក្រុងម៉ុងត្រេអាល់ ខេត្តកេបិច មុនគណៈប្រតិភូធ្វើដំណើរចេញពីក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា ត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញ។
ជំនួបធ្វើឡើងនាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នោះ ពលរដ្ឋខ្មែររស់នៅក្រុងម៉ុងត្រេអាល់ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឧបនាយករដ្ឋមន្ត្រី ពិសេសបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈប្រតិភូក្នុងការទាក់ទាញ និងជំរុញវិនិយោគពីកាណាដាទៅកម្ពុជាបានកាន់តែច្រើន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងក្តីនឹករលឹក និងរីករាយ បានជួយសំណេះសំណាល និងអាហារសាមគ្គីជាមួយប្រជាពលរដ្ឋនៅក្រុងម៉ុងត្រេអាល់។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ពាសពេញផ្ទៃប្រទេស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនជាដើម។
បន្ថែមពីលើនោះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់សហការគ្នាផ្សព្វផ្សាយសមិទ្ធផលដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនេះក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោអតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
ពលរដ្ឋខ្មែរដែលបានចូលរួមទាំងអស់បានបង្ហាញភាពសប្បាយរីករាយចំពោះភាពរីកចម្រើនលូតលាស់នៃសង្គមជាតិកម្ពុជា ក្រោយពីបានស្ដាប់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តីដោយផ្ទាល់ ពិសេសជាងនេះពលរដ្ឋខ្មែរបានជូនពរឱ្យដំណើរបេសកកម្មរយៈពេលប្រមាណ ២សប្ដាហ៍នេះទទួលបានលទ្ធផលជោគជ័យ៕