(ញូវយ៉ក)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៩ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា មានក្តីសោមនស្សរីករាយ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចចំនួន៤ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។
បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុជាបច្ចុប្បន្ននេះមានមោទនភាពដែល បានចូលរួមបញ្ជូនកងកម្លាំង ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ចំពោះការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។
លោកអគ្គលេខាធិការ ក៏បានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជា ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕