(កណ្ដាល)៖ ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងបិណ្ឌទី១២ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និង CoolApp និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសហការីទាំងអស់ បានចូលរួមកាន់បិណ្ឌទី១២ នៅវត្តជោតនារាម ហៅវត្តអន្លង់ស្លែង ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

នាឱកាសនោះ លោក លឹម ជាវុត្ថា រួមជាមួយក្រុមការងារ Fresh News និង CoolApp ទាំងអស់ បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទាន និងបច្ច័យវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។

ជាមួយគ្នានោះ លោក លឹម ជាវុត្ថា ក៏បានប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យចំនួន ៤,០០០,០០០រៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តជោតនារាម ហៅវត្តអន្លង់ស្លែង ព្រមទាំងប្រគេនថវិកាចំនួន ១,០០០,០០០រៀលទៀត សម្រាប់ចូលរួមបុណ្យកឋិនទាននៅពេលខាងមុខ។

លោក ហាក់ សុភារិទ្ធ ប្រធានការិយាល័យមេធាវី វិស្សុត និងសហការី ក៏បានចូលរួមបច្ច័យ១លានរៀលផងដែរ។

ថ្នាក់ដឹកនាំ និងក្រុមការងារ Fresh News និង CoolApp គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕