(ឌូបៃ)៖ សារព័ត៌មាន The Press Trust of India (PTI) បានរាយការណ៍ថា មេដឹកនំាកំពូលក្រុម ISIS អាប៊ូបាកើ អាល់បាកដាឌី (Abu Bakr al-Baghdadi) និង អ្នកជំនិត០៣នាក់ផ្សេងទៀត របស់លោកបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ នៅបន្ទាប់ពីត្រូវបានគេបំពុលនៅអំឡុងពេលបាយថ្ងៃត្រង់ ហើយត្រូវបានគេបញ្ជូនទៅកាន់កន្លែងមួយ ដែលគេមិនស្គាល់ ក្រោមវិធានការយ៉ាងតឹងរ៉ឹង។ នេះបើតាម ការផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងដែរថា អាល់បាកដាឌី និង មេដឹកនំាជាន់ខ្ពស់០៣នាក់ទៀត របស់ក្រុម ISIS ត្រូវបានគេបំពុល តាមរយៈម្ហូបអាហារដែលគេរៀបចំសម្រាប់ពួកគេ នៅក្នុងស្រុក Nineveh’s Be’aaj នៃប្រទេស អ៊ីរ៉ាក់។ មួយវិញទៀតបើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ WAA មេដឹកនាំទំាង០៤នាក់នេះ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរហើយត្រូវបានគេបញ្ជូន ទៅកាន់កន្លែងមួយដែលគេមិនស្គាល់ ក្រោមវិធានការយ៉ាងតឹងរ៉ឹង ដើម្បីព្យាបាលប៉ុន្តែមិនបានសម្រេច។
គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ក្រុមសកម្មប្រយុទ្ធ ISIS ជាច្រើននាក់ត្រូវបាន ចាប់ខ្លួនដើម្បីតាមដាន រកអ្នកជាប់ពាក់ព័ន្ធនៅពីក្រោយខ្នង ការបំពុលមេដឹកនំាកំពូលក្រុម ISIS អាប៊ូបាកើ អាល់បាកដាឌី ដែលសហរដ្ឋអាមេរិកប្រកាសផ្ដល់ប្រាក់រង្វាន់ជាង ១០លានដុល្លារសម្រាប់ អ្នកដែលអាចយកក្បាលបុរសម្នាក់នេះ៕