(កំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់ពីលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាមកលខេត្តកំពង់ធំ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន១២៥នាក់ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមដាំកូនឈើចម្រុះលើគម្រោងផែនការចំនួន៣០,០០០ដើម នៅលើផ្ទៃដី ចំនួន៥០ហិកតា ដែលបានដកហូតពីក្រុមជនល្មើសកាប់ទន្ទ្រាននាពេលកន្លងទៅ ដើម្បីស្ដារព្រៃឈើឡើងវិញ ដែលពិធីនេះប្រព្រឹត្តទៅនៅអូតាកាវ តំបន់ព្រៃអង់តែន ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានលើកឡើងថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោពលខេមរភូមិន្ទ និងការណែនាំដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងរយៈពេលជាង៥ខែកន្លងទៅនេះ កងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដី បានរួមគ្នាការពារទប់ស្កាត់មិនឲ្យមានការកាប់ទន្ទានព្រៃឈើជាថ្មី ហើយបានរកឃើញផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ មានប្រមាណជាង២,០០០ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយត្រូវបានដកហូតជាសម្បត្តិរបស់រដ្ឋ ដើម្បីដាំស្ដារព្រៃឈើឡើងវិញ ទុកជាសម្បត្តិធនធានធម្មជាតិ សម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត។

ឧត្ដម​សេនីយ៍​ទោ​ សោម ស៊ុន បានប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យបានមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មី ហើយនិងបានសំណូមពរដល់ស្ថាប័នជំនាញដែលមានការពាក់ព័ន្ឋត្រូវស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យក្នុងការកាប់ទន្រ្ទានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនាពេលកន្លងទៅ ដើម្បីកសាង​សំណុំរឿង​ដាក់ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕