(ព្រះវិហារ)៖ នាយឧត្ដមសេនីយ៍​ គីម​ ប៊ុន​ថាន​ រដ្ឋ​មន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋ​មន្ត្រី​ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញ​ចុះជួបសំណេះសំណាល​សួរសុខ​ទុក្ខ​ និងប្រគល់​អំណោយ​​របស់​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ជូនដល់​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​។

នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ពិសេសក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ សូមទទួលបាននូវសុខភាពល្អគ្រប់ៗគ្នានិងគ្រប់ក្រុមគ្រួសារ។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ ពិសេសចូលរួមទប់ស្កាត់ការប៉ុនប៉ងរបស់ក្រុមប្រឆាំងមួយក្តាប់តូច ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយះការបំផុសប្រជាពលរដ្ឋឱ្យចូលរួមធ្វើបាតុកម្មកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានថ្លែងបញ្ជាក់ផងដែរថា៖អំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលនាំមកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារនាពេលនេះ គឺក្នុងគោលបំណងបម្រើឱ្យការងារមនុស្សធម៍ដូចជា៖ជួយប្រជាពលរដ្ឋក្រីក្រ អតីតយុទ្ធជន គ្រោះមហន្តរាយ និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត៕