(ម៉ុងត្រេអាល់, កាណាដា)៖ នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបជាមួយសមាគម​វិនិយោគិន​កាណាដា ក្រោមការសម្របសម្រួលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងមានការចូលរួមពី​តំណាង​រដ្ឋបាលខេត្តកេបិច, អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់, និងធុរជនប្រមាណ៦០រូប​អញ្ជើញចូលរួម ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះថ្នាក់ដឹកនាំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចែករំលែកអំពីព័ត៌មានជាមូលដ្ឋាននានាសម្រាប់កិច្ចការងារវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនទាំងអស់ដែលបានចូលរួម។ បន្ថែមពីលើនោះ ក្រៅអំពីសក្ដានុពល​ដែលបានបង្ហាញឡើងដោយតំណាងរដ្ឋាភិបាលកម្ពុជា ក៏មានការចូលរួមចែករំលែកបទពិសោធន៍​ជោគជ័យ​របស់វិស័យឯកជនទាំងកម្ពុជា និងកាណាដាផ្ទាល់ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្ដែង ក៏បាន​មានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យពីលោក David Pellerin អំពីអាជីវកម្ម Circle K របស់ខ្លួន នៅប្រទេសកម្ពុជាផងដែរ៕