(ភ្នំពេញ)៖ លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ និងជាប្រធានក្រុមការងារយុវជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការចូលរួមបរិច្ចាគឈាម របស់មន្រ្តីរាជការបំរើការងារ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងយុវជនកាយរិទ្ធរៀមច្បង រាជធានីភ្នំពេញនាពេលនេះ គឺជាការចូលរួមចំណែក ជួយដល់អ្នកដទៃផង ជួយខ្លួនឯងផង និងមួយផ្នែកទៀត អាចជួយដល់សង្គមជាតិ។ លោកថា ក្រៅពីការចូលរួម នៅក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ រូបលោក និងមន្រ្តីរាជការ រួមនឹងក្រុមយុវជន ក៏អាចចូលរួមជួយកម្ពុជាបានមួយផ្នែកទៀត គឺតាមរយៈការចូលរួម បរិច្ចាគឈាមនាពេលនេះ។
លោក សួង ម៉េងឡុង បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានអ្នកស្លាប់ដោយ សារការខ្វះឈាម» នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដោយមានការចូលរួមពី មន្រ្តីរាជការ និងយុវជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមកាយរឹទ្ធរៀមច្បងរាជធានី ភ្នំពេញសរុប ប្រមាណជា២០០នាក់ ។
នៅក្នុងឱកាសនោះដែរ លោក ហុង គឹមចេង ប្រធានមជ្ឈមណ្ឌលផ្តល់ឈាម បានឲ្យដឹងថា ការបរិច្ចាគឈាមគឺ មិនប៉ះពាល់ដល់សុខភាពរបស់អ្នកបរិច្ចាគ ឈាមឡើយ ហើយចំពោះអ្នកបរិច្ចាគឈាមវិញគឺសុទ្ធតែទទួលការត្រួតពិនិត្យសុខភាពត្រឹមត្រូវ មុននឹងបរិច្ចាគឈាម។ លោក ហុង គឹមចេង បន្តថា ឈាម គឺជាឱសថ ដ៏ស័ក្តសិទ្ធបំផុត សម្រាប់ជួយសង្រ្គោះអាយុជីវិតរបស់អ្នកត្រូវការ។ បច្ចុប្បន្ននេះអត្រានៃការធ្វើអំណោយឈាម គឺនៅទាបក្នុងនោះ មនុស្ស១០០០នាក់ មានតែ៤នាក់ប៉ុណ្ណោះ ចូលរួមបរិច្ចាគឈាម។
ដោយមើលឃើញស្ថានភាពបែបនេះ លោក សួង ម៉េងឡុង ក៏បានចូលរួមអំពាវនាវដល់ស្ថាប័ន ក្រសួង និងសាធារណជនទូទៅ ចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះ ដែល កំពុងតែដង្ហើយហៅការជួយ និងដើម្បីចូលរួមធ្វើយ៉ាងណាក៏ការផ្តល់អំណាយឈាម នៅទូទាំងប្រទេសកម្ពុជា មានការកើនឡើងជាងមុន ដើម្បីបំពេញតម្រូវការរបស់ជនរងគ្រោះ។លោក សួង ម៉េងឡុង ថា ក្រសួងសង្គមកិច្ច រៀបចំកម្មវិធីនេះឡើងធ្វើឡើងដើម្បីជួយសង្រ្គោះដល់ ជនរគ្រោះនៅមន្ទីរពេទ្យជាតិ និងធ្វើឡើងដើម្បីឆ្លើយតបទៅ នឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យសាធារណជនមានការចូលរួម បរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នា និងធ្វើឡើងក្រោយពីមានការផ្តល់ណែនាំពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចផងដែរ។
គួរបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកម្មវិធីបរិច្ចាគឈាម ៣លើករួចមកហើយ តាមគម្រោងក្រសួង នឹងរៀបចំកម្មវិធី បរិច្ចាគឈាមនេះ នៅឆ្នាំក្រោយទៀត ហើយក៏រំពឹងថា ការចូលរួមបរិច្ចាគឈាមនឹងមានកើនឡើងជាងមុន៕