(ម៉ុងត្រេអាល់, កាណាដា)៖ នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជារួមមានអគ្គកុងស៊ុលកិត្តិយស​កម្ពុជា​ប្រចាំទីក្រុងម៉ុងត្រេអាល់, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមឧកញ៉ាកម្ពុជា, តំណាងសភា​ពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំតុមូលជាមួយតំណាងរដ្ឋបាលខេត្តកេបិច, លោក Allan DeSousa អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់, និងធុរជនជាច្រើនរូប ក្រោមកិច្ចសហការរៀបចំពីសភា​ពាណិជ្ជ​កម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងអង្គភាព Investissement Québec International របស់​កាណា​ដា។

ក្នុងជំនួបនោះ បានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើនមកពីវិស័យជាអាទិភាពចំនួន៥ រួមមានកសិកម្ម​និង​កសិ​ឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំ​នៃខេត្ត​កេបិច បាន​ជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជា​តាមរយៈការធ្វើ​បទបង្ហាញពី​លោក​ឧប​នាយក​រដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមបទបង្ហាញ​របស់ថ្នាក់ដឹកនាំ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ថែមពីលើនោះ ក្នុងឱកាសនោះ អ្នកចូលរួមក៏បានស្ដាប់អំពីបទពិសោធន៍​ជោគ​ជ័យ​នៃកិច្ចវិនិយោគនៅកម្ពុជា ដែលចែករំលែកដោយក្រុមហ៊ុនកាណាដាដែលកំពុងបណ្ដាក់​ទុនវិនិយោគរាប់ពា​ន់​លាន​ដុល្លារអាម៉េរិកនៅកម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំតុមូលដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីវិស័យឯកជនរួចរាល់ តំណាងរដ្ឋបាល​ខេត្ត​កេបិចក្នុងនាមរដ្ឋាភិបាលកាណាដា និងតំណាងរដ្ឋាភិបាលកម្ពុជាបានបន្តកិច្ចពិភាក្សាទ្វេភាគី ដែលជាលទ្ធផល​បាន​ឯកភាពនឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើការរៀបចំកិច្ចសហការនានា​ ដើម្បីជំរុញកំណើនការវិនិយោគ​ឯកជន​រវាងប្រទេសទាំងពីរបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ​នៃការយោគយល់គ្នារវាងសមគមឧកញ៉ាកម្ពុជា តំណាងដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ ជាសមាជិកក្រុមប្រឹក្សា​ភិបាល ​និងជាអគ្គលេខាធិការនៃសមាគម ជាមួយស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាងដោយលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុង​ត្រេអាល់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគ​ទ្វេភាគី សម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាជារួម។

សូមជម្រាបថា នេះគឺជាអនុស្សារណៈទី៤ហើយដែលត្រូវបានចុះក្រោមអធិបិតីភាពលោក​ឧបនាយក​រដ្ឋ​មន្ត្រី​អំឡុងពេលបំពេញបេសកកម្មគោះទ្វារវិនិយោគក្នុងសហរដ្ឋអាម៉េរិក និងកាណាដានាឱកាសនេះ៕