(កំពង់ចាម)៖ បន្ទាប់ពីបានចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្ថានភាពមានទឹកជំនន់ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដាក់វិធានការឱ្យអាជ្ញាធរមូលដ្ឋាន បន្តតាមដានស្ថានភាពទឹក និងផ្សព្វផ្សាយជាប្រចាំដើម្បីការពារដល់សុវត្ថិភាពប្រជាពលរដ្ឋ ក្នុងពេលទឹកជំនន់កំពុងស្រកចុះទៅវិញនេះ។

លោកអភិបាលខេត្ត បានឱ្យដឹងថា សម្រាប់ខេត្តកំពង់ចាមឆ្នាំនេះ មានស្រុកចំនួន៥ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ក្នុងនោះមានស្រុកស្ទឹងត្រង់, ស្រុកកំពង់សៀម, ស្រុកកោះសូទិន, ស្រុកកងមាស និងស្រុកស្រីសន្ធរ។

ទន្ទឹមនិងនេះ លោកអភិបាលខេត្ត បានដាក់វិធានការបន្តដើម្បីអនុវត្តសម្រាប់ក្របខ័ណ្ឌអាជ្ញាធរដែនដីផង និងសម្រាប់ក្របខណ្ឌគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ សូមឱ្យបន្តតាមដាននូវស្ថានភាពអាកាសធាតុ និងស្ថានភាពទឹក បើទោះជាក្នុងខណៈពេលទឹកស្រកទៅវិញក៏ដោយ គឺត្រូវស្ទាក់ទឹកទុកស្រោចស្របដំណាំ ប្រសិនបើទឹកស្រកចុះលឿន។ ទន្ទឹមនឹងនេះសូមឱ្យអាជ្ញាធរបន្តណែនាំដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្ន ពិសេសគឺប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅកៀកច្រាំងទន្លេ ជៀសវាងការបាក់ច្រាំង បង្កឱ្យមានគ្រោះថ្នាក់ដល់ពួកគាត់។

លោក អ៊ុន ចាន់ដា បានបន្ថែមថា ម្យ៉ាងទៀត សូមធ្វើការផ្សព្វផ្សាយហើយបងប្អូនប្រជាពលរដ្ឋរក្សានូវអនាម័យ ថែរក្សាសុខភាព និងថែរក្សាក្មេងៗ ឱ្យបានហ្មត់ចត់ ចៀសវាងមានគ្រោះថ្នាក់ដោយសារលង់ទឹក បើទោះជាទឹកទន្លេមេគង្គកំពុងស្រកចុះក៏ដោយ។ ហើយការផ្សព្វផ្សាយអប់រំនេះ សូមធ្វើជាប្រចាំរហូតដល់ទឹកស្រកអស់លែងមានហានិភ័យ។

លោក អ៊ុន ចាន់ដា ក៏បានណែនាំឱ្យអាជ្ញាធរស្រុកទាំង៥ ធ្វើការស្រង់ទិន្នន័យអំពីផលប៉ះពាល់ ដូចជាផ្លូវ លំនៅដ្ឋាន សត្វពាហនៈ និងដំណាំផ្សេងៗជាដើម បន្ទាប់មកសូមធ្វើការញែកទិន្នន័យវាយតម្លៃអំពីការខូចខាត រហូតដល់ការបិទបញ្ចប់ នឹងធ្វើរបាយការណ៍បូកសរុប ដើម្បីធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាល សុំកិច្ចអន្តរាគមន៍ផ្តល់ការស្ដារឡើងវិញ៕