(ភ្នំពេញ)៖ មន្រ្តីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានរំពឹងដូចគ្នាថា នឹងមានជំនួបពិភាក្សាផ្នែកនយោបាយមួយនាពេលខាងមុខ បន្ទាប់ពីសមាជិកសភារបស់គណបក្សទាំងពីរបានធ្វើការរួមគ្នា នៅរដ្ឋសភាឡើងវិញមួយរយៈ។
ការរួមសហការបំពេញការងារនៅក្នុងរដ្ឋសភា អាចជាផ្នែកមួយជំរុញឲ្យគណបក្សនយោបាយទាំងពីរ កាន់តែមានភាពស្និទ្ធស្នាល និងត្រូវរ៉ូវគ្នាជាថ្មីដែលអាចការ បើកផ្លូវឲ្យមានការពិភាក្សានិងចរចា រឿងនយោបាយ។ នេះបើតាមការលើកឡើងពី អ្នកនាំពាក្យក្រុមតំណាងរាស្រ្តមតិភាគច្រើន និងអ្នកនាំពាក្យ ក្រុមតំណាងរាស្រ្តមតិភាគតិច នៃរដ្ឋសភាក្រោយពីបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ។
លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តមតិភាគច្រើន បានលើកឡើងថា លោកសាទរដែលសមាជិសភា នៃគណបក្សសង្រ្គោះជាតិ បានចូលរួមបំពេញការងារនៅក្នុងសភាជាធម្មតាវិញ។ លោកថាជាការពិតណាស់ ការចូលរួមបំពេញការងាររួមគ្នារវាងគណបក្សនយោបាយទាំងពីរ គឺជារឿងដ៏ល្អ។ លោក ឈាង វុន ថា ដូចជាប្រសាសន៍របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើឡើងថា ការចរចានយោបាយនឹងអាចកើតឡើងបាន បើសិនជាគណបក្សនយោបាយទាំងពីរនៅជិតគ្នារួមគ្នា និងនៅក្បែរគ្នា ហើយបំពេញការងាររួមគ្នាអភិវឌ្ឍប្រទេសឲ្យបានល្អឲ្យច្រើនជាងនេះ។
បើតាម លោក យ៉ែម បុញឬទ្ធិ អ្នកនាំពាក្យក្រុមតំណាងរាស្រ្តមតិភាគតិច បានបញ្ជាក់ឲ្យដឹងថា ការចូលបំពេញការងាររបស់សមាជិកសភាគណបក្សសង្រ្គោះជាតិ នាពេលនេះគឺអាចជាផ្នែកមួយ ដែលចង់ឲ្យគណបក្សយោបាយទាំងពីរ ឲ្យមានការចរចានយោបាយឡើងវិញ។ លោកបន្តថា ម្យ៉ាងទៀតគណបក្សសង្រ្គោះជាតិ ចង់បំពេញការងារ និងចូលរួមដោះស្រាយបញ្ហាផ្សេងៗទៀត ដែលបានស្នើក្នុងរដ្ឋសភា ឲ្យចប់ជាស្ថាពរ ដូចជាការស្នើឲ្យមានការដោះស្រាយល់លើក្រសួងយុត្តិធម៌ជាដើម។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់គណបក្សទាំងពីរ បានអះអាងថា នឹងធ្វើការងារ នៅក្នុងរដ្ឋសភាឲ្យបានល្អបំផុត ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចំរើនទៅមុខ ហើយក៏រំពឹងថា ការចូលរួមសហការធ្វើការងារនៅពេលនេះ នឹងធ្វើឲ្យស្ថានការណ៍នយោបាយរបស់គណបក្សទាំងពីរ នាពេលបច្ចុប្បន្ន មានភាពប្រសើរឡើងជាងមុន។
គួរបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាក្នុងការចូលប្រជុំសភាពេញអង្គ រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមានចំណាត់ការ លើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មមក៕