(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធី «សម្ពោធដាក់ឲ្យអនុវត្តគម្រោង និងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជំរុញការដាក់សេវាសង្គមកិច្ច ក្នុងគោលនយោបាយសាធារណៈនៅកម្ពុជា» នៅភោជនីដ្ឋានទន្លេបាសាក់២ ដោយមានការចូលរួមជាអធិបតីពីលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមានការចូលរួមពី គណៈអភិបាលរង នៃគណៈអភិបាលរាជធានីខេត្តទាំង២៥ ប្រធានមន្ទីរសង្គមកិច្ចទាំង២៥រាជធានី-ខេត្ត និងអង្គការសង្គមស៊ីវិល ជនពិការសរុប១០០នាក់ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ។
លោក ឯម ច័ន្ទមករា បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើសកម្មភាពឆ្លើយតប ដ៏មានប្រសិទ្ធភាព បានជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជាពិសេសជនពិការគ្រប់ទីកន្លែង មិនថានៅទីក្រុង ទីជនបទ ឬទីដាច់ស្រយាលនោះទេ។ ជារួម គុណវិហារធម៌នៃមាតាសប្បុរសនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺដិតជាប់ជានិច្ចក្នុងបេះដូងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា រូបនោះក៏សង្កត់ធ្ងន់ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាវីរជនដ៏ឆ្នើមមួយរូបដែលបានយកជីវិតធ្វើជាដើមទុនតស៊ូ ដើម្បីបុព្វហេតុជាតិរហូតក្លាយជាជនពិការមួយរូប បានរួមចំណែកក្នុងការដឹកនាំរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។ សម្តេចតេជោ ហ៊ុន សែន គឺជានិម្មិតរូបនៃស្មារតីតស៊ូអំណត់អង់អាចក្លាហាន ជោគជ័យ និងសមត្ថភាពដ៏ខ្ពង់ខ្ពស់ របស់ជនពិការហើយវីរភាពទាំងនេះបានដក់ជាប់ជានិច្ចនៅក្នុងបេះដូងពលរដ្ឋកម្ពុជាគ្រប់រូប។
ក្នុងឱកាសនោះលោក ឯម ច័ន្ទមករា ក៏បានអំពាវនាវដល់ជនពិការកម្ពុជាគ្រប់រូប ដែលមានលក្ខណៈគ្រប់គ្រាន់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋាន ក្នុងសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន លើកលែងតែពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្តគម្រោង និងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជំរុញការដាក់សេវាសង្គមកិច្ច ក្នុងគោលនយោបាយសាធារណៈនៅកម្ពុជា លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ជាការពិតណាស់ វិស័យពិការភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះមានការវិវត្តន៍គួរឲ្យកត់សម្គាល់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានយកចិត្តទុកដាក់ និងគិតគូរជាប់ជានិច្ចអំពីសុខទុក្ខ របស់បងប្អូនជនពិការ ជាក់ស្តែងផែនការយុទ្ធសាស្រ្តជាតិស្តីពី ពិការភាព២០១៤-២០១៨ បាននឹងកំពុងអនុវត្តនៅតាមក្រសួងស្ថាប័ននានាដើម្បីឲ្យ ជនពិការទទួលបាននូវសិទ្ធិសេរីភាពពេញលេញ ការរស់នៅប្រកបដោយសុខដុមរមនា សុខភាពល្អបរិបូរណ៍ និងជាកំលាំងចលករដ៏សំខាន់មួយ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
លោក កែវ រ៉េមី បានបន្តទៀតថា បញ្ហាពិការភាពជាបញ្ហាពហុវិស័យ ដែលទាមទារការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់ គិតគូរ និងដោះស្រាយ ។ ជនពិការភាគច្រើនជាជនក្រីក្រ ហើយងាយរងគ្រោះជាងគេនៅក្នុងសង្គម ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងផ្តល់សេវាឲ្យបានល្អថែមទៀតនិងប្រកបដោយប្រសិទ្ធភាព ព្រមទាំងឈានទៅ កាត់បន្ថយបញ្ហាប្រឈមនានា ជាបណ្តើរៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក កែវ រ៉េមី បានលើកឡើងថា ដើម្បីសម្រេចនូវចក្ខុវិស័យខាងលើនេះ ទាមទារឲ្យមានការចូលរួម ពីគ្រប់ភាគីទាំងអស់ ទាំងរដ្ឋនិងឯកជន ព្រមទាំងសង្គមស៊ីវិល ដែលមិនអាចខ្វះ ភាគីណាមួយបានឡើយ ព្រោះវិស័យពិការភាព គឺជាការងារពហុវិស័យ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ បន្តការយកចិត្តទុក្ខដាក់ និងផ្តល់អាទិភាពដល់ជនពិការកម្ពុជារបស់យើង ព្រោះត្រូវមើលឃើញអំពី សមត្ថភាព ប្រសើរជាងការមើលឃើញភាពពិការ របស់ជនដែលមានពិការភាព៕