(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល «គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល» លើកទី១ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដល់គ្រូបង្រៀនដែលបានជ្រើសរើសចំនួន ៥៥រូប នៅតាមសាលាបឋមសិក្សាគោលដៅ ស្របតាមយន្តការ គ.វ.អ.។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញឌីជីថលនានាដល់ លោកគ្រូ អ្នកគ្រូ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពបង្រៀនកម្មវិធីជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ និងចូលរួមគាំទ្រការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕