(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងដំណើរនេះការចុះសួរសុខទុក្ខកម្លាំងនគរបាលតាមបណ្ដោយព្រំដែន។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែង និងក្រុមគ្រួសារ ពិសេសកងកម្លាំងនគរបាលការពារព្រំដែន កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា ក្នុងការបម្រើប្រជាពលរដ្ឋ ពិសេសធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តស្ទឺងត្រែង មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។
អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងលុបបំបាត់រាល់នូវភាពអសកម្មនានាដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឲ្យបានច្រើន ពិសេសការសម្រួលចរាចរណ៍ដល់ពលរដ្ឋ ចាស់ជរា ជនមានពិការភាព បន្ថែមលើការងារជំនាញដែលកំពុងបំពេញការងារប្រចាំថ្ងៃ៕