(ព្រៃវែង)៖ ដោយមើលឃើញពីភាពកំសត់ អត់ឃ្លានរបស់លោកយាយ លោកតា តាមទីជនបទដាច់ស្រយាល តារាចម្រៀងចិត្តធម៌ លេចធ្លោក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ជនក្រីក្រ លោក សន វិជ្ជបុត្រ បាននាំយកអង្ករចំនួន២តោន និងសម្ភារៈមួយចំនួនទៀត មានដូចជាថ្នាំពេទ្យ និងសារ៉ុង ជាដើម ដែលបានមកពីទឹកចិត្តចេះ ចែករំលែករបស់សប្បុរសជន ទៅចែកជូនដល់ចាស់ជរាជន គ្មានទីពឹងចំនួន១០០គ្រួសារ នាស្រុកកំណើត តាមការសន្យា។
ការជូនអំណោយ ដល់ចាស់ជរាចំនួន១០០គ្រួសារនេះ គឺបានធ្វើឡើង ស្របពេលនឹងការអំពាវនាវដល់បណ្តាក្រុមហ៊ុននានា ក៏ដូចជាមន្រ្តី រាជការ មានធន់ធានជួយទិញអង្កររបស់កសិករខ្មែរ ដែលកំពុងខ្វះខាតទីផ្សារ និងមានតម្លៃចុះថោកខ្លាំង ។ សកម្មភាពនេះអាចជាការចូលរួម ធ្វើបុណ្យ ដាក់ទានដល់ក្រុមគ្រួសារ ដែលមានជីវភាពលំបាកពិតប្រាកដ ដោយផ្ទាល់ដៃ។ ការប្រគល់នេះ ត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ នៅលើទឹកដីកំណើតរបស់តារាចម្រៀង សន វិជ្ជបុត្រ ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានវត្តមាន សិល្បករមួយចំនួន ចូលរួមផងដែរ។
ស្ថិតនៅក្នុងបរិយាកាសស្ងប់ស្ងាត់ អមដោយសំឡេងថ្លែងអំណរគុណតិចៗ (អរគុណចៅៗទាំងអស់គ្នាហើយ) ចេញពីមាត់របស់លោកតា លោកយាយ តារាចម្រៀង សន វិជ្ជបុត្រ បានបញ្ជាក់ប្រាប់ Fresh News និង Khmertalking ថា លោកមិនមានធនធានអ្វីឲ្យច្រើនជាដុំកំភួនទេ គឺមានតែទឹកចិត្ត ហើយតាមរយៈទឹកចិត្ត និងទំនុកចិត្តពីបងប្អូនសប្បុរសជន និងអ្នករួមអាជីព ទើបមានសប្បុរសជនមួយចំនួន បានរួមចំណែកជាមួយលោក ក្នុងការជួយដល់កសិករ ក៏ដូចជាអាចចែករំលែកដាក់ទាន ដល់ជនក្រីក្រចាស់ជរា។ ពីដំបូងលោកមាន គម្រោងទិញស្រូវ២តោន ប៉ុន្តែដោយមានការគាំទ្រ ពីសប្បុរសជនមួយចំនួន ទើបទិញបានជាអង្ករបាន២តោនវិញ ដើម្បីយកទៅចែកជូន ដល់បងប្អូនលោកយាយលោកតា ក្រីក្រផ្ទាល់ដៃតែម្ដង។
តារាចម្រៀងមានឈ្មោះល្បី តាមរយៈការងារជួយដល់ជនក្រីក្រ លោក សន វិជ្ជបុត្រ បានបន្តថា អ្វីដែលលោកចង់រួមចំណែកផងដែរ គឺចង់ឲ្យជីដូន និងជីតា នៅស្រុកកំណើត បានធ្វើបុណ្យដាក់ទាន នៅរដូវបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែពេលនេះជីដូនរបស់លោក បានធ្លាក់ខ្លួន ឈឺសម្រានជាប់ នៅនឹងកន្ទេលទៅហើយ ប៉ុន្តែលោកនិងជីតា នៅតែបន្តគម្រោងតាមការសន្យា ដើម្បីតបតាមការផ្តល់ទំនុកចិត្ត ពីមិត្តភ័ក្កិបងប្អូន។ ក្រោយពីបានឃើញពីការខ្វះខាតទីផ្សារ លក់ស្រូវអង្កររបស់កសិករខ្មែរ ធ្វើឲ្យលោកកើតចិត្តអាណិត ដល់ពួកគាត់ ព្រោះតែលោកក៏ធ្លាប់ឆ្លងកាត់ជីវិត ជាកូនអ្នកកសិករម្នាក់ដែរ ដែលត្រូវដឹងពីការលំបាក ក្នុងការធ្វើស្រែចម្ការ។
លោក សន វិជ្ជបុត្រ បញ្ជាក់ថា សប្បុរសជនដែលបានជួយសង្គ្រោះចាស់ជរា និងក្មេងកំព្រាចំនួន១០០គ្រួសារ នៅតំបន់ខាងលើនោះ មានដូចជាលោក ឆាលី លោក ចាយ រីលិន, លោក អែនណា វីតា, អ្នកស្រី Kate Tiana នៅប្រទេសអូស្រ្តាលី និងលោក អ៊ំ ប្រធាន សមាគន៌ខ្មែរអូស្រ្តាលី។ ក្រៅពីនេះមានកញ្ញា ផល្លា ថាច , លោក Vincent ha dinh ,លោកស្រី ពូន ម៉ាលីលី, លោកស្រី ពូន ម៉ាលីដា,លោក ពូន ម៉ាដេត, លោកស្រី ផេង រស់នៅសហរដ្ឋអាមេរិក។
អំណោយសម្រាប់១០០គ្រួសារខាងលើ ទាំងអស់មានអង្ករ ចំនួន ២ តោន សារុង ១០០ ក្រមា១០០ ថ្នាំពេទ្យ ១០៤ ប្រអប់ ។ ក្រុមគ្រួសារ ទាំង១០០គ្រួសារ ដែលទទួលបានអំណោយទាំងនេះ សុទ្ធតែជាជនចាស់ជរា កុមារកំព្រា ដែលកំពុងរស់នៅប្រឈមនឹងការខ្វះខាត លើផ្នែក ជីវភាពរស់នៅ។ បើទោះបីជាអំណោយរបស់លោក និងសប្បុរសជនមិនអាចសម្រាល ការខ្វះខាតរបស់ពួកគាត់ទាំងស្រុងក្តី នេះក៏ជាការ ឆ្លុះបញ្ចាំងពីទឹកចិត្ត និងការចែករំលែកជួយគ្នា ក្នុងគ្រាមានអាសន្ន ក្នុងនាមជាខ្មែរ ដូចគ្នា៕