(ម៉ានីល)៖ សហរដ្ឋអាមេរិក និង ហ្វីលីពីន បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចំាឆ្នាំ នៅថ្ងៃអង្គារ នេះ នៅឯកោះ Luzon និង កោះ Palawan ខណៈលោក Rodrigo Duterte ធ្លាប់បានអះអាងថា វានឹងក្លាយជាសមយុទ្ធយោធាលើកចុងក្រោយ រវាងប្រទេសសម្ព័ន្ធមិត្តទំាងពីរ។ នេះបើតាមការ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១៦។
ស្ថានទូតអាមេរិកប្រចំាទីក្រុង ម៉ានីល បានឱ្យដឹងកាលពីខែកញ្ញាថា កងទ័ពម៉ារីនអាមេរិក ១,៤០០នាក់ ឈរជើងនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន និង ៥០០នាក់នៅហ្វីលីពីន នឹងចូលរួមក្នុងសមយុទ្ធយោធា ប្រចំាឆ្នាំឈ្មោះ PHIBLEX 33។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា សមយុទ្ធយោធា PHIBLEX 33 ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១២ ខែតុលា អាចនឹង ក្លាយជាសមយុទ្ធយោធាលើកចុងក្រោយ រវាងទីក្រុង វ៉ាស៊ីតោន និងទីក្រុង ម៉ានីល នៅអំឡុងពេល នៃអណត្តិជាប្រធានាធិបតីរបស់លោក នឹងត្រូវបញ្ចប់នៅឆ្នាំ២០២២។
បន្ថែមពីលើនេះ នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Davao នៅថ្ងៃទី៣០ ខែកញ្ញា លោក Rodrigo Duterte បានសម្ដែងការសោកស្ដាយ ដោយគូសបញ្ជាក់ថា សហរដ្ឋអាមេរិក មិនបានចែករំលែក បចេ្ចកវិទ្យាយោធាដល់ហ្វីលីពីនឡើយ ។ លោកបន្តថា ពួកគេបានសើ្នឱ្យយើងចូលរួមការធ្វើ សមយុទ្ធយោធា ឬប្រតិបត្តិការរួមគ្នា ក៏ប៉ុន្តែមិនមានឡើយការផ្ដល់សមត្ថភាព រវាងកងទ័ពនិង សព្វាវុធដែលពួកគេកំពុងប្រើប្រាស់។
គួរបញ្ជាក់ថា លោក Rodrigo Duterte ក៏ធ្លាប់ប្រកាសបណ្ដេញកងទ័ពពិសេសអាមេរិកនៅលើ កោះ មីនដាណាវ ចេញពីហ្វីលីពីនផងដែរ តែយ៉ាងណាក៏ដោយរដ្ឋាភិបាលរបស់លោក តាមរយៈ ក្រសួងការបរទេសបានបកស្រាយថាហ្វីលីពីន នឹងមិនកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹង សហរដ្ឋអាមេរិកនោះទេ៕