(ដាម៉ាកាស)៖ ពួកក្រុម ISIS បានអះអាងថាខ្លួនគឺជាអ្នកនៅពីក្រោយ ការបំផ្ទុះអត្តឃាតដែលបាន កើតឡើង នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិឃើដមួយកន្លែង នៅភាគឦសានប្រទេសស៊ីរី ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងទទួលរងរបួស ហើយទង្វើនេះគឺជាការប៉ុនប៉ង ដោយហិង្សាមួយផ្សេងទៀតរបស់ពួក ISIS ដើម្បីបង្កចលាចលនៅក្នុងប្រទេសស៊ីរីបន្ថែមទៀត។ នេះបើតាមការផ្សាយនៅមុននេះបន្តិចដោយ CNN នាព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១៦។
យោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសស៊ីរីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ចំនួន៣០នាក់ បានបាត់បង់ជីវិត ដោយក្នុងនោះក៏រួមបញ្ចូលទាំងកូនកំលោះផងដែរ ខណៈមនុស្ស ប្រមាណ ៩០នាក់ផ្សេងទៀតបានទទួលរងរបួស នៅក្រោយពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានធ្វើការបំផ្ទុះខ្លួនឯងនៅក្នុងពិធីរៀបការមួយកន្លែង ដែលស្ថិតនៅក្នុងភូមិ Tal Tawil ក្បែរខេត្ត Hasakah។
ក្រុម ISIS បានប្រកាសនៅក្នុងបណ្តាញសង្គម Twitter ថាពួកគេគឺជាអ្នកនៅពីក្រោយការបំផ្ទុះ គ្រាប់បែកអត្តឃាតខាងលើ ដោយបានបញ្ជាក់ថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ISIS ម្នាក់បានធ្វើការបាញ់ប្រហារទៅលើ អ្នកចូលរួមពិធីមង្គលការ ហើយបន្ទាប់ពីកាំភ្លើងបានអស់គ្រាប់ ជននោះក៏បានបំផ្ទុះខ្លួនឯងតែម្តង។
គួរបញ្ជាក់ដែរថា ក្រុម ISIS បានធ្វើការបំផ្ទុះគ្រាប់បែបអត្តឃាតជាច្រើនលើកមកហើយ ក្នុងគោលបំណងប្រឆាំងនឹង កងកម្លាំងឃើដ និងប្រជាជនដែលរស់នៅក្នុងខេត្ត Hasakah ដែលតំបន់ស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលប្រទេសស៊ីរី និងកងកម្លាំងឃើដ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងទប់ទល់ជាមួយនឹងពួក ISIS៕