(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នា រហូតបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់។

គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោង ០០និង៣០នាទី ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានអំពើហិង្សាមួយបានកើតឡើង បង្កដោយក្រុមជនសង្ស័យជាជនជាតិចិនចំនួន០២ក្រុម (ម្ខាងមានគ្នា ០៧នាក់ និងម្ខាងទៀតមានគ្នា០២នាក់) បានបង្កអំពើហិង្សាលើគ្នាទៅវិញទៅមក ដោយមានកាន់កាំបិតចុងស្រួច និងដែកទីបជ្រុង នៅចំណុចខាងមុខផ្សារព្រីនថាមស្វែ ផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបណ្ដាលឲ្យជនជាតិចិនម្នាក់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ ធ្វើការបង្ក្រាប និងឃាត់ខ្លួនគូរភាគី សរុបបានចំនួន០៦នាក់ (ជនដៃដល់ ០១នាក់ និងភាគីខាងអ្នកស្លាប់០៥នាក់) យកទៅមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីស្រាវជ្រាវតាមនីតិវិធី។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ គូរភាគីបានសារភាពឲ្យដឹងថា ដំបូងឡើយបក្ខពួក ខាងជនរងគ្រោះដែលស្លាប់ មានគ្នា០៧នាក់ បានមកទារប្រាក់ភាគីជនដៃដល់ដែលមានគ្នា០២នាក់ ហើយក៏បង្កឲ្យមានការ ឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយតប់គ្នា ភ្លាមនោះជនដៃដល់ម្នាក់ ក្នុងចំណោមគ្នាគ្នា០២នាក់ ត្រូវបានភាគីដែលមានគ្នា០៧នាក់ដេញវាយ រត់ចូលក្នុងម៉ាតមួយក្បែរកន្លែងកើតហេតុ និងបានទាញយកកាំបិតចុងស្រួចដែលដាក់តាំងលក់ក្នុងម៉ាត ដេញចាក់ភាគីម្ខាងទៀតរហូតបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង។

គូរភាគីទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌទាំងអស់គ្នា និងបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕