(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការជាមួយសមាគមចុងភៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីវេចនំអន្សមបុណ្យភ្ជុំ យុវជនសៀមរាប ក្រោមវត្តមានរបស់លោក ប្រាក់ សោភ័ណ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលខេត្ត ដោយមាការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ និងសមាជិកសមាជិកាសហភាពសហព័ន្ធកម្ពុជាខេត្ត នៅបរិវេណសួនច្បារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប។
នំអន្សម គឺជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំនេះ ជារៀងរាល់ឆ្នាំ មិនដែលខានឡើយក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ជាពិសេស រដូវបុណ្យភ្ជុំបិណ្ឌ ក្រៅពីពិធីបុណ្យទាំងពីរនេះ ក៏មានពិធីមង្គលការ ក៏គេតែងឃើញមានវេចនំអន្សមផងដែរ។
លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលរងខេត្ត បានឲ្យដឹងថា ការវេចនំអន្សម មហាគ្រួសារមន្ត្រីរាជការ និងសហភាពសហព័ន្ធយុវជនកម្ពុជា នាំគ្នាវេចនេះមាន៖ នំអន្សមជ្រូក, នំអន្សមចេក, នំបត់ និងនំគម ជាដើម។
លោក សំកុល សុចិត្រា បន្តថា ការវេចនំអន្សមនៅថ្ងៃនេះ គឺបានបង្ហាញនូវភាពសាមគ្គីគ្នា នៃមហាគ្រួសារខ្មែរយើង ព្រមទាំងធ្វើការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រនេះ បានភ្លក់នូវរស់ជាតិនូវនំអន្សមអ្នកខេត្តសៀមរាបផងដែរ។
លោកបានបន្តថា ការវេចនំអន្សមនាពេលនេះ ដោយសារគឺជារដូវកាលដែលប្រជាពុទ្ធបរិស័ទខ្មែរយើង កាន់សាសនាព្រះពុទ្ធ ដែលបានគោរពប្រតិបត្តិនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ ក៏ដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ ម៉្យាងទៀត ការវេចនំអន្សមនេះ ក៏ដើមី្បបង្ហាញនូវប្រពៃណីដូនតា ដែលបានបន្សល់ទុកតរៀងមក ហើយជាការបង្ហាញឲ្យយុវជនយើង បានបន្តថែរក្សាប្រពៃណីនេះឲ្យបានគង់វង្សផងដេរ។ ចំពោះនំអន្សមដែលបានពីការចូលរួមគ្នាវេចនៅពេលនេះ និងយកទៅធ្វើការឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យកុមារជាដើម។
ចំពោះអត្ថន័យរបស់នំអន្សម «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន គឺអន្សមចេក អន្សមជ្រូក អន្សមដូង អន្សមអាំង។
យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារៈភាគច្រើនតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម ដែលជាស្បៀងបម្រុងនៅពេលចេញទៅធ្វើសិកសង្គ្រាម។
ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះ ក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។
ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។
«នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា៕