(កំពង់ធំ)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា ការស្ថាបនាផ្លូវ ការស្តារផ្លូវឡើងវិញ និងការថែទាំហេដ្ឋរចនាសម្ព័ន្ធតាមជនបទ គឺជារឿងដ៏ចាំបាច់ដើម្បីសម្រួលដល់ការ​ធ្វើដំណើរដល់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផលផ្សេងៗ ជាពិសេសនោះជួយសម្រួលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ។

លោកបណ្ឌិត សៅ ជីវ័ន្ត បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នាឱកាសតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនា និងស្តារឡើងវិញ ផ្លូវចំនួន ៣គម្រោង ស្ថិតនៅខេត្តកណ្តាល និងខេត្តកំពង់ធំ។

ជុំវិញគម្រោងខាងលើនេះ ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម តំណាងឧត្តមសេនីយ៍ឯក សឿន រឿត នាយកនៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានបញ្ជាក់ដែរថា ដោយទទួល​បានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារស្ថាបនាទាំងនោះដោយស្ថាបនាសម្រេចបាន ១០០ភាគរយផងដែរ។

លោកបណ្ឌិត សៅ ជីវ័ន្ត បានបន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។

លោកបណ្ឌិត សៅ ជីវ័ន្ត បន្តថា បញ្ហាផ្លូវជនបទនេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមាន​សារៈសំខាន់ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទនិងទីក្រុងផងដែរ។ តាមរយៈផ្លូវខាងលើ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ឃើញថា ការស្ថាបនាសម្រេចបានល្អប្រសើរ និងប្រកបដោយគុណភាព នេះជាការចូលរួមចំណែក ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសតំបន់ដែលជួបការលំបាក ខាងលើនេះ។

បន្ទាប់ពីចុះពិនិត្យគម្រោងទាំងនោះរួច លោកបណ្ឌិត សៅ ជីវ័ន្ត និងគណៈកម្មការអន្តរក្រសួង បានចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះ​លោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ដែលសម្តេច លោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋ ។

ក្នុងជំនួបនេះដែរ, លោកបណ្ឌិត សៅ ជីវ័ន្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋជាច្រើន ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ៕