(កំពង់ចាម)៖ លោក អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រី នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម។

ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្ករទម្ងន់ ១០០គីឡូក្រាម, ទឹកសុទ្ធ ៧កេស, ទឹកក្រូច ៧កេស, ត្រីខ ១កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្កសរ ៥គីឡូក្រាម, តែ ៥ គីឡូក្រាម និងថវិកាជាង៤លានរៀល។ ដោយឡែកផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ព្រះអង្គ និងបច្ច័យក្នុង១អង្គ ១០ម៉ឺនរៀលផងដែរ។

សូមជម្រាថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា៕