(ភ្នំពេញ)៖ អ្នកតំណាងពិសេសទទួលបន្ទុកកិច្ចការងារអន្តរជាតិ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក បានកោតសរសើរ ចំពោះដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ និយោជិត ផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា ដែលទើបតែបញ្ចប់នៅចុងខែកញ្ញាថ្មីៗនេះ ព្រមទាំងបានមើលឃើញពីចំណុចល្អៗ ក្នុងច្បាប់ស្ដីពី សហជីព របស់កម្ពុជាផងដែរ។
ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកស្រី Sarash Fox អ្នកតំណាងពិសេសទទួល បន្ទុកកិច្ចការងារអន្តរជាតិ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក អមដោយតំណាងការិយាល័យ ពាណិជ្ជកម្មសហរដ្ឋអាមេរិក និងមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងទីស្ដីការក្រសួងការងារ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះ លោកស្រី Sarash Fox បានលើកឡើងពីការចាប់អារម្មណ៍លើបញ្ហាចំនួន២ រួមមាន៖ ទី១.ការអនុវត្តច្បាប់ស្ដីពី សហជីព និងទី២.ដំណើរការពិភាក្សាប្រាក់អប្បបរមា ដល់កម្មករកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា ដែលទើបតែបានបញ្ចប់នៅចុងខែកញ្ញាថ្មីៗនេះ ក្នុងលទ្ធផល១៥៣ដុល្លារ សម្រាប់ឆ្នាំ២០១៧។
លោកស្រី Sarash Fox បានសម្ដែងនូវចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការរីកចម្រើនថ្មីៗនេះ នៅកម្ពុជា ជាពិសេសការចាប់ផ្តើមអនុវត្តច្បាប់ស្តីពី សហជីព និងការដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ជូនកម្មករ និយោជិត ព្រមទាំងបានអបអរសាទរ និងលើកទឹកចិត្ត ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានខិតខំធានាបាននូវបទដ្ឋានស្តង់ដាការងារល្អប្រសើរ លើកកម្ពស់សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងដោះស្រាយបានរាល់បញ្ហាប្រឈម និងពង្រីកឱកាសនៃការធ្វើពាណិជ្ជកម្ម និងវិនិយោទុនបន្ថែមទៀត។
លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកនៅតែជាដៃគូរពាណិជ្ជកម្ម ដ៏ចម្បងរបស់កម្ពុជា ហើយនឹងខិតខំបន្តរក្សានូវបទដ្ឋានស្តង់ដារការងារ ផ្សាភ្ជាប់ពាណិជ្ជកម្ម ដើម្បីពង្រីកពាណិជ្ជកម្មទៅលើ វិស័យផ្សេងទៀត ក្រៅពីឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង ដូចជាសម្ភារសម្រាប់ធ្វើដំណើរជាដើម ដែលសហរដ្ឋអាមេរិកទើបផ្តល់ ភាពអនុគ្រោះពាណិជ្ជកម្មថ្មីៗ (GSP) កន្លងទៅនេះដល់កម្ពុជា។
ជាការព្រមព្រៀង លោករដ្ឋមន្រ្តី អ៊ិត សំហេង និងលោកស្រី Sarash Fox បានសន្យានឹងបន្តទំនាក់ទំនង កិច្ចសហប្រតិបត្តិការនេះ តទៅមុខទៀត ដើម្បីអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ ឡើងថែមទៀត៕